ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ចំនួន០៣នាក់ និងបក្ខពួក ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ៨ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ចំនួន០៣នាក់ និងបក្ខពួក ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ជនសង្ស័យចំនួន ០៣ នាក់ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ៨ គីឡូក្រាម របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ 

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណី គ្រឿងញៀននៅចំណុចទីតាំងហាងកាហ្វេស្តាបាក់ តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងដកហូតវត្ថុតាងពីជនសង្ស័យ ១.ឈ្មោះ នង សុវណ្ណា ហៅ លិន ភេទប្រុស អាយុ៣៩ឆ្នាំ ២.ឈ្មោះ ទឹង អាញ់ (THUAN ANH) ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម និង៣.ឈ្មោះ ឈុន វុធច័ន្ទដារ៉ា ហៅ ង៉ុយ ភេទប្រុស អាយុ២១ឆ្នាំ នូវសារធាតុញៀនជាក្រាមពណ៌សថ្លា ចំនួន ០៥ ដុំធំ ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ៤៩៨០ ក្រាម និងសារធាតុមិនច្បាស់លាស់ ទម្ងន់ ៣០០០ ក្រាម។ បន្ទាប់ពី បញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង០៣នាក់ខាងលើមកកាន់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ចំនួន០៣នាក់ខាងលើ និងបក្ខពួក ពីបទ ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ សិលា


ចែករំលែក៖