ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានសន្យាថានឹងគាំទ្រកូរ៉េខាងជើងប្រឆាំងនឹង “សត្រូវដ៏គ្រោះថ្នាក់” និងបានថ្លែងអំណរគុណដល់ប្រទេសនេះដែលបានគាំទ្ររុស្ស៊ីក្នុងការប្រឆាំងនឹងមហិច្ឆតារបស់លោកខាងលិច។
មុនដំណើរទស្សនកិច្ចរបស់លោកទៅកូរ៉េខាងជើងនៅថ្ងៃទី១៨ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសរសេរអត្ថបទមួយចុះផ្សាយក្នុងកាសែតកូរ៉េខាងជើង Rodong Sinmun។ បណ្តាញព័ត៌មាន RT បានរាយការណ៍ថា នៅក្នុងនោះ លោកពូទីនបានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងជើងសម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់រុស្ស៊ី និងឆន្ទៈរបស់ខ្លួនក្នុងការប្រឈមមុខនឹងមហិច្ឆតារបស់លោកខាងលិច។
លោក ពូទីន បានសរសេរថា “រុស្ស៊ីបាននិងបន្តគាំទ្រកូរ៉េខាងជើង និងប្រជាជនកូរ៉េដ៏វីរភាពក្នុងការតស៊ូរបស់ពួកគេប្រឆាំងនឹងសត្រូវដ៏គ្រោះថ្នាក់ និងឈ្លានពានក្នុងការតស៊ូរបស់ខ្លួនដើម្បីឯករាជ្យភាព អត្តសញ្ញាណ និងសេរីភាពនៃការជ្រើសរើសផ្លូវនៃការអភិវឌ្ឍន៍របស់យើង”។
មេដឹកនាំរុស្ស៊ីបានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងជើងសម្រាប់ “ការគាំទ្រឥតឈប់ឈរ” សម្រាប់ប្រតិបត្តិការយោធានៅអ៊ុយក្រែន សាមគ្គីភាពអន្តរជាតិ និង “ឆន្ទៈការពារអាទិភាព និងជំហររួមរបស់ប្រទេសទាំងពីរ” នៅឯអង្គការសហប្រជាជាតិ។
ប្រធានាធិបតី ពូទីន នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង ពីថ្ងៃទី ១៨ ដល់ ១៩ មិថុនា ហើយនេះជាលើកទីមួយ ដែលលោក ពូទីន មកទស្សនកិច្ចប្រទេសនេះ ចាប់តាំងពីឆ្នាំ ២០០០។
លោកប្រធានាធិបតី ពូទីន ក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើង គឺជាប្រទេសមួយដែល “យកចិត្តទុកដាក់គាំទ្រ និងចែករំលែកចក្ខុវិស័យដូចគ្នា” របស់រុស្ស៊ី “ត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងមហិច្ឆតារបស់បស្ចិមប្រទេស ដើម្បីទប់ស្កាត់ការលេចចេញនូវសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល ដោយផ្អែកលើយុត្តិធម៌ ការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក និង ផលប្រយោជន៍”។
យោងតាមលោក ពូទីន ខណៈពេលដែលមេដឹកនាំកូរ៉េខាងជើង ដឹកនាំដោយលោក គីម ជុងអ៊ុន បន្តស្នើឱ្យដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី សហរដ្ឋអាមេរិកបានបដិសេធមិនអនុវត្តកិច្ចព្រមព្រៀងមុនៗ ហើយ “បន្តកំណត់ថ្មី កាន់តែតឹងរ៉ឹង និងច្បាស់ណាស់ដែលមិនអាចទទួលយកបាន។
លោកប្រធានាធិបតី ពូទីន ក៏បានសរសើរប្រទេសកូរ៉េខាងជើងសម្រាប់ “ការការពារផលប្រយោជន៍របស់ខ្លួនយ៉ាងមានប្រសិទ្ធភាព” សូម្បីតែបន្ទាប់ពីមានសម្ពាធសេដ្ឋកិច្ច ការបង្កហេតុ និងការគំរាមកំហែងផ្នែកយោធាជាច្រើនឆ្នាំរបស់សហរដ្ឋអាមេរិកក៏ដោយ៕
ដោយ៖ ធីរីណា(រូបថត៖ Getty Images)