ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជាបានបញ្ជាក់ពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការងារផ្សព្វផ្សាយព័ត៌មានរវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការងារផ្សព្វផ្សាយព័ត៌មានរវាងប្រទេសទាំងពីរតាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina (PL)។ 

ក្នុងជំនួបពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមុថុនា ឆ្នាំ២០២៤ ម្សិលមុិញ នាទីស្តីការក្រសួងព័ត៌មាន បានផ្តោតជាសំខាន់ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មាន កាន់តែល្អបន្តទៅមុខទៀត ជាពិសេសជម្រុញកិច្ចសហការផ្លាស់ប្តូរព័ត៌មាន រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina (PL)។ 

គួររំឭកថា កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២  មានការចុះហត្ថលេខាលើ អនុស្សរណៈស្តីពីការផ្លាស់ប្តូរព័ត៌មាន រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តំណាងដោយ លោកស្រី អគ្គនាយិកា សុខមុំ និមល និងទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina (PL) តំណាងដោយ លោកអគ្គនាយក Luis Enrique Gonzalez Acosta ។

លោកស្រី Milena Caridad Zaldivar Piedra បានជម្រាបពីគម្រោងមួយចំនួនរបស់ ស្ថានទូតគុយបាប្រចាំកម្ពុជា ក្នុងនោះរួមមានការត្រៀមរៀបចំការប្រារព្ធខួបការផ្តល់ជំនួយលើក ដំបូងរបស់ប្រទេសគុយបា មកដល់ប្រទេសកម្ពុជា ក្រោយពេលរបបខ្មែរក្រហមបានដូលរលំនៅឆ្នាំ១៩៧៩ ។ ជាមួយនេះក៏ត្រៀមរៀបចំការតាំងពិព័រណ៍រូបថតពាក់ពន្ធ័សកម្មភាពរបស់អ្នកជំនាញការនៃប្រទេសគុយបា នៅកម្ពុជា ។

លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានស្វាគមន៍ចំពោះវត្តមានរបស់ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា ថ្មីប្រចាំកម្ពុជា ដើម្បីបន្តទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងកម្ពុជា និងសាធារណរដ្ឋគុយបា កាន់តែជិតស្និតបន្ថែមទៀត។  

ក្នុងឱកាសនៃជំនួបពិភាក្សាការងាររវាង លោក រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកស្រី ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការផ្លាស់ប្តូរដំណើរទស្សនៈកិច្ចរវាងអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានគុយបា ព្រមទាំងពង្រឹងទំនាក់ទំនងរវាងសមាគមសារព័ត៌មានគុយបា និងសមាគមសារព័ត៌មានកម្ពុជា ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយនូវព័ត៌មាននៃប្រទេសទាំងពីរ ។

ទំនាក់ទំនងរវាង កម្ពុជា គុយបា បានបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាជាពិសេសនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងព័ត៌មានរវាងប្រទេសទាំងពីរ ដោយត្រូវធ្វើការពង្រីកទៅលើកិច្ចការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីផ្សាយអំពីការពិតកម្ពុជាទៅកាន់ប្រទេសគុយបា ដើម្បីអោយប្រជាជនបានដឹង ហើយក៏ផ្សាយត្រឡប់វិញពីប្រទេសគុយបា ដើម្បីឲ្យប្រជាជនកម្ពុជា បាទទួលបានព័ត៌មានជាប្រចាំ ពីអ្វីដែលជាការវិវឌ្ឍនៃស្ថានភាពនយោបាយ សង្គមសេដ្ឋកិច្ច របស់គុយបា អោយប្រជាជនកម្ពុជា បានយលដឹងវិញផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖