ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ប្រាប់ក្រុមហ៊ុនសិង្ហបុរីដោយសង្ខេបអំពីឧត្តមភាពប្រកួតប្រជែងចម្បងៗរបស់កម្ពុជា

ចែករំលែក៖

សាធារណរដ្ឋសិង្ហបុរី ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសិង្ហបុរី លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមអាហារការងារពេលព្រឹកជាមួយបណ្តាក្រុមហ៊ុនសិង្ហបុរី ដើម្បីបង្ហាញជូននូវបរិស្ថាន និងសក្ដានុពលវិនិយោគរបស់កម្ពុជា។ មានមតិក្នុងឱកាសដ៏វិសេសវិសាលនេះ បន្ថែមលើមូលដ្ឋានដ៏រឹងមាំ និងលក្ខខណ្ឌអំណោយផលនៃក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា លោកអគ្គលេខាធិការបានជម្រាបជូនក្រុមហ៊ុនសិង្ហបុរីដោយសង្ខេបអំពីឧត្តមភាពប្រកួតប្រជែងចម្បងៗរបស់កម្ពុជា ក្នុងនោះមានដូចជា សុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ, ទីតាំងយុទ្ធសាស្ត្រស្ថិតនៅចំកណ្ដាលតំបន់អាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក, ភាពសម្បូរបែបនៃកម្លាំងពលកម្មវ័យក្មេងនិងសកម្ម…។ល។ មុននឹងបញ្ចប់ លោកអគ្គលេខាធិការបានថ្លែងអំណរគុណដល់ក្រុមហ៊ុនសិង្ហបុរីដែលបានមានចំណាប់អារម្មណ៍លើកាលានុវត្តភាពវិនិយោគរបស់កម្ពុជាបច្ចុប្បន្ន និងដោយផ្អែកលើកត្តាអំណោយផលដូចបានគូសបញ្ជាក់ពីខាងដើម លោកអគ្គលេខាធិការបានជំរុញលើកទឹកចិត្តដល់សហគមធុរកិច្ចសិង្ហបុរីធ្វើការពិចារណាបណ្តាក់ទុនវិនិយោគដោយផ្ទាល់នៅកម្ពុជា ឬមួយចាប់ដៃគូវិនិយោគជាមួយវិនិយោគិនក្នុងស្រុក ដើម្បីច្បាមយកផលចំណេញរួមគ្នា។ 

ចំពោះ លោក Tharman Shanmugaratnam ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញនូវសុទិដ្ឋិនិយមថា សក្ដានុពលនៃធនធានមនុស្សវ័យក្មេង និងវឌ្ឍនភាពរីកចម្រើននៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា នឹងជាកម្លាំងចលករនៃការទាក់ទាញការវិនិយោគ និងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កម្មន្តសាល និងវិស័យសក្ដានុពលផ្សេងៗទៀត។ ខណៈជួបសម្តែងការគួរសម ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ៕

ដោយ ៖ សិលា


ចែករំលែក៖