ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអភិវឌ្ឍន៍ជនបទ ៖ ស្ពាន៣កន្លែង នៅខេត្តកំពង់ចាមនិង ត្បូងឃ្មុំ គ្រោងនឹងបញ្ចប់ការសាងសង់ ក្នុងខែមិថុនានេះ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា នៅក្នុងបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ស្ពានចំនួន៣កន្លែង ស្ថិតនៅខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ ។

ស្ពានទាំង៣នោះរួមមាន ៖ស្ពានទី១៖ ស្ពានអុងកូ ប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឳជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ស្ពានទី២៖ ស្ពានព្រែកសណ្តាយ មានប្រវែង ៣០ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងស្ពានទី៣៖ ស្ពានអណ្តូងប្រេង មានប្រវែង ៣៨,១២ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ។

ការឱ្យដឹងនេះ ធ្វើឡើងក្នុងឱកាសលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការដ្ឋានស្ថាបនាស្ពានចំនួន៣កន្លែង និងផ្លូវចំនួន ៤ខ្សែ ក្នុងខេត្តកំពង់ចាម ព្រៃវែង-ត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្រសួងបញ្ជាក់ថា «ស្ពានទាំង ៣កន្លែងនេះ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយសម្រេចបាន ៩៧% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ស្ថិតក្នុងក្របខ័ណ្ឌ គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក »៕

ដោយ៖ សូរិយា


ចែករំលែក៖