ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងគ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និង អតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ៖ ក្នុងគ្រប់កម្មវិធីនយោបាយ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និង អតីតមន្ត្រីរាជការស៊ីវិលជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។ សម្តេចធិបតីលើកថា ៖ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលក្នុងនោះ មុំទី៤៖ «ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង នៃ បញ្ចកោណទី១៖ «ការអភិវឌ្ឍមូលធនមនុស្ស មានគោលដៅជា យុទ្ធសាស្ត្រ កសាងនិងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយ សង្គម និងប្រព័ន្ធសន្តិសុខសង្គម និងពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហាររូបត្ថម្ភសម្រាប់ ប្រជាជនគ្រប់រូប។ លើសពីនេះការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនឹងត្រូវធ្វើឡើងដោយឈរលើស្មារតី “មិនបោះបង់ ពលរដ្ឋខ្មែរណាម្នាក់” ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមក៏ឈរលើអភិក្រមចំនួន ៤ គឺ៖ ១) ចីរភាពនៃ កម្មវិធី ២) លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ ៣) ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ច អន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ និង ៤) ភាពអាចពង្រីកវិសាលភាពនៃ ប្រព័ន្ធគាំពារសង្គម តាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។

បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៩ ០៣៤ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩ ០៥៣ នាក់កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដំឡើង

ប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាងឬស្មើ ៦៩ម៉ឺនរៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧ម៉ឺនរៀល ក្នុងមួយខែ ហើយដំឡើងដល់ ៨២ម៉ឺន ៥ពាន់រៀល ក្នុង១ខែ នៅឆ្នាំ២០២៤។ ក្នុងនោះប្រាក់វិភាជន៍គ្រួសារ និងកូនប្រចាំខែរបស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុង

អនុវត្តដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ ដែលចាប់ពីខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសាររបស់អតីតយុទ្ធជនពលីនិងមរណៈ និងប្រាក់ឧបត្ថម្ភប្តី ឬប្រពន្ធ ពី ១៥ ០០០រៀល ទៅ៣០ ០០០រៀល, កូនពី ១០ ០០០រៀល ទៅ៣០ ០០០រៀល, និងឪពុក ម្តាយ ឬអាណាព្យាបាល ពី ៨ ០០០រៀល ទៅ ៣០ ០០០រៀល ក្នុងម្នាក់។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ទិន្នន័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយធនាគារដៃគូនៅទូទាំង២៥ រាជធានី ខេត្ត ហើយការបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរ

សប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម៉្លេះ។ រាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូលនិធិសមធម៌ សុខាភិបាលជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅ ពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបង់ប្រាក់។

ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជនចាប់ពីឆ្នាំ២០០៨ ដល់ ឆ្នាំ២០២៣ និងដោយបានការយកចិត្តទុកដាក់គិតគូរពី សម្តេចតេជោប្រធានសមាគមអតីតយុទ្ធជន

កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ សរុបមានចំនួន ៥ ៥៦៩ខ្នង (ក្នុងនោះឆ្នាំ២០២៣ បានសាងសង់ផ្ទះ ចំនួន ៤៥១ខ្នង ក្នុងខេត្តកំពង់ចាម ចំនួន ១០ខ្នង, ខេត្តកំពង់ឆ្នាំង ចំនួន ១០ ខ្នង, ខេត្តព្រៃវែង ចំនួន ២០ខ្នង, ខេត្តស្វាយរៀង ចំនួន ១២៥ខ្នង, ខេត្តឧត្តរមានជ័យ ចំនួន ១៧៥ខ្នង, ខេត្តត្បូងឃ្មុំ ចំនួន ១០៧ខ្នង, ខេត្តព្រះវិហារ ចំនួន ៣ខ្នង, និងខេត្តប៉ៃលិន ចំនួន ១ខ្នង) សាលារៀន ១ខ្នង ៦បន្ទប់ (សាងសង់ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ) សាលារៀន ១ខ្នង ១២ បន្ទប់ អាគារទីចាត់ការ ១ខ្នង អាគារស្នាក់នៅគ្រូ ១ខ្នង ២០បន្ទប់ អគារជម្ងឺទូទៅ ១ខ្នង ១៦បន្ទប់ អគារវះកាត់ ១ខ្នង ៩បន្ទប់ និងអគារស្នាក់នៅពេទ្យ ១ខ្នង ២០បន្ទប់ (សាងសង់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង)។

សមាគមអតីតយុទ្ធជនកម្ពុជា ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៧ បាននិង កំពុងបំពេញតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់តួនាទីរបស់បងប្អូនអតីតយុទ្ធជននៅក្នុងសង្គមជាតិ ដោយបំផុសស្មារតី សាមគ្គីភាពជួយគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ព្រមទាំងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់អតីតយុទ្ធជន និងគ្រួសារ ក្នុងការអភិវឌ្ឍប្រទេសជាតិ ។ 

សម្តេចធិបតី មានប្រសាសន៍បែបនេះ តាមរយៈសារលិខិតក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ៕

ដោយ ៖ សិលា


ចែករំលែក៖