ព័ត៌មានទាន់ហេតុការណ៍៖

សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនលើជនត្រូវចោទ​ ៧នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាង ២គីឡូក្រាម

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ ស្ដីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាង ២គីឡូក្រាម​ និងបានសម្រេចឃុំខ្លួនលើជនត្រូវចោទ​ចំនួន​ ៧នាក់​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។ 

អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤​ បានទទួលសំណុំរឿង ព្រហ្មទណ្ឌលេខៈ៣២០ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ទាក់ទិននឹងការបង្ក្រាបអំពើ ជួញដូរគ្រឿងញៀនចំនួនមួយករណី ដែលមានគ្រឿងញៀនជាប្រភេទមេតំហ្វេ តាមីន, ប្រភេទកេតាមីន, ប្រភេទអ៊ុចស្តាស៊ីគ្រាប់ និងប្រភេទអ៊ុចស្តាស៊ីកញ្ចប់ សរុបទម្ងន់២ ៨៨៨,៧ក្រាម (ពីរពាន់ ប្រាំបីរយប៉ែតសិបប្រាំបី កណ្ដកសញ្ញាប្រាំពីរ)ក្រាម និងបានឃាត់ខ្លួនជនពាក់ព័ន្ធជាជនជាតិវៀត ណាមចំនួន៦នាក់ និងជនជាតិខ្មែរ១នាក់ ជនទាំង៧នាក់នេះ ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោម ការពិនិត្យពីបទ៖​ រក្សាទុក ជួញដូរ សម្រួលឱ្យប្រើប្រាស់ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាន់ កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទលុបបំបាត់ភស្តុតាង ប្រព្រឹត្ត នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤ តាមមាត្រា ៤០ កថាខណ្ឌទី៤ និងកថាខណ្ឌទី៦ មាត្រា ៤៤ មាត្រា ៤៥ មាត្រា ៤៨ កថាខណ្ឌទី ៤ និងកថាខណ្ឌទី៦នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៤៩០ មាត្រា ៥០៣ និងមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទមានខ្លួនទាំង៧នាក់ដូចខាងលើ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខៈ១៤៤៥ប.ឃខ/២៤,លេខ១៤៤៧ប.ឃខ/២៤, លេខៈ១៤៤៩ប.ឃខ/២៤, លេខ១៤៥១ប.ឃខ/២៤, លេខ១៤៥៣ប.ឃខ/២៤,លេខៈ១៤៥៥ប.ឃខ/ ២៤ និងលេខៈ១៤៥៧ប.ឃខ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ៖ តារា


ចែករំលែក៖