ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្រ្ត បានរួមចំណែកក្នុងការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី «ខួបលើកទី៤៧ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មX16» នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការប្រារព្ធខួបលើកទី៤៧នេះ គឺដើម្បីរំលឹកដល់គម្រូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី និងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្រ្ត បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដើម្បីឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជាយើង។ 

លោកបណិ្ឌត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា “នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈកម្មការសាងសង់វិមាន ឈ្នៈ ឈ្នៈ ដឹកនាំ ដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍គម្រោងតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16និងបានបង្កើតក្រុមការងារទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍ សម្រេចបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់”។ 

លោកអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្តថា ៖ នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររៀបចំពិធី ដឹកនាំ និងដំណើរការសាងសង់រួចរាល់ហេដ្ឋារចនាសម្ព័ន្ធ មានជាអាទិ៍៖សាង់សងអគារវេទិកាអចិន្ត្រៃយ៍ ទំហំ ៦,១មx៤៧ម ចំនួន ១ខ្នង, សាងសង់ទីលានបាល់ទាត់ លើដីទំហំ ៦៨មx១០៥ម, ជីកស្រះមួយ មានទំហំ ៧០មx៧០ម ជម្រៅជាង ១០ម៉ែត្រ ដោយមានចម្លាក់រូបនាគពីថ្មភក់ព័ទ្ធជុំវិញ, សាងសង់ប្រាង្គ និងចម្លាក់ព្រះអង្គគោកធ្លក, សាងសង់សាលាដំណាក់ ទំហំ ៦,១មx១៩,៦ម ចំនួន ១ខ្នង កម្ពស់ ១ជាន់, សាងសង់អគារមិត្តភាព ១ខ្នង កម្ពស់ ១ជាន់ ដោយមានបំពាក់គ្រឿងសង្ហារឹម និងសម្ភារបច្ចេកទេសLED, កុំព្យូទ័រ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ក្រោមជំនួយឥតសំណងរបស់ក្រសួងការពារជាតិប្រទេសវៀតណាម, ដាក់បង្គោល និងតបណ្តាញអគ្គិសនី, រៀបចំប្រព័ន្ធលូរំដោះទឹក, ចាក់បេតុងធ្វើផ្លូវ ក្រាលថ្មម៉ិច ដាំកូនឈើ ដាំស្មៅលម្អ និងធ្វើទីលានចតឧទ្ធម្ភាគចក្រ៥ទីតាំង។ ចំពោះគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ ក្រុមការងារទទួលបានថវិកា គាំទ្រឧបត្ថម្ភពីក្រសួងការពារជាតិ ប្រទេសវៀតណាម និងថវិកាពីសប្បុរសជននានា ដោយមិនប្រើប្រាស់ថវិការដ្ឋឡើយ ។ 

លោកអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ៖ ក្រៅពីសមិទ្ធផលនេះ ក៏មានការស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនប្រវែងជាង១៤៤គីឡូម៉ែត្រ, ស្ថាបនាផ្លូវក្រាលកៅស៊ូពីផ្លូវជាតិលេខ៧ ដល់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្មប្រវែងជិត១០គីឡូម៉ែត្រ, ដំឡើងបង្គោលអង់ទែនទូរស័ព្ទ និងបំពាក់ឧបករណ៍ប្រព័ន្ធ អ៊ិនធើណែត, សាងសង់សារមន្ទីរតេជោកោះថ្ម និងបណ្តាញអគ្គិសនី និងបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ ពីផ្លូវជាតិលេខ៧ ដល់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម។ 

បន្ថែមលើនេះ អាគារទទួលភ្ញៀវ និងអាគារស្នាក់នៅ នឹងត្រូវបានគម្រោងបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២៤នេះ ដោយចំណាយអស់ថវិកាសរុបប្រមាណ១លាន២សែនដុល្លារ៕

ដោយ ៖ សិលា


ចែករំលែក៖