ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃក ប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យសរុបចំនួន៤៤ ពីប្រជាពលរដ្ឋចំនួន២៧គ្រួសារ មានដូចជា៖ ហូលពិតាន ចំនួន០៣ សំពតហូលចំនួន១៧ សំពត់ផាមួងលាត ចំនួន០៥ សំពត់អន្លូញចំនួន០៤ អាវផាមួង ចំនួន០៤ អាវហូលចំនួន០៥ កន្សែងហូលពានាចំនួន០២ កាបូបហូលចំនួន០២ ក្រណាត់ហូល ចំនួន០១ ក្រមាសូត្រ ចំនួន០១។
ចំពោះសមុច្ច័យចំនួន៤៤សមុច្ច័យ មានដូចជា ហូលពិតាន សំពត់ហូល អាវផាមួង និងក្រណាត់ហូល ជាដើម ដែលបងប្អូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូន យកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។
សូមជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរបើកឱ្យសាធារណជនបានចូលទស្សនា ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ ពីម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង៤ល្ងាច៕
ដោយ៖ សូរិយា