ខេត្តត្បូងឃ្មុំ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថាប្រវត្តិសាស្ត្រដែលមានភាពច្បាស់លាស់ គឺជាកិច្ចការសំខាន់សម្រាប់ប្រទេសនីមួយៗ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងមួយបែបនេះនៅក្នុងពិធីរំលឹកខួប៤៧ឆ្នាំទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ នៅតំបន់ x16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសារៈសំខាន់នៃភាពច្បាស់លាស់នៃប្រវត្តិសាស្រ្តដែលថាវានឹងមិនធ្វើឲ្យមានការភាន់ច្រឡំ ឬនឹងអាចបង្កឲ្យមានទំនាស់ជាមួយនឹងប្រទេសជិតខាងនោះទេ។
ជាមួយគ្នានេះក៏សម្ដេចធិបតី ក៏បានរំលឹកពីប្រវត្តិសាស្ត្រមួយចំនួនទាក់ទងជាមួយនឹងតំបន់X16 និងការភៀសខ្លួនរបស់សម្ដេចតេជោដើម្បីធ្វើការសុំជំនួយពីទ័ពវៀតណាមដើម្បីវាយប្រួលរំលំរបបខ្មែរក្រហមផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាដោយសារមានថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧នេះ ទើបមានការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានវាយប្រួលរំលំរបបខ្មែរក្រហមឲ្យដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍និងធ្វើឲ្យមានការអភិវឌ្ឍដល់សព្វថ្ងៃ។
សម្ដេចធិបតីក៏បានថ្លែងអំណរគុណទៅដល់ប្រជាជនខ្មែរគ្រប់រូបដែលបានចូលរួមគាំទ្រទៅដល់នយោបាយសន្តិភាពរបស់គណបក្សប្រជាជនកម្ពុជានិងបានបន្តគាំទ្រគណបក្សនេះរហូតមកដល់ពេលបច្ចុប្បន្នផងដែរ។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពោលគឺ៤៧ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការវរសេនាធំក្នុង របបកម្ពុជាប្រជាធិបតេយ្យ និងកម្មាភិបាលជាមនុស្សជំនិតរបស់សម្តេចចំនួន ៤រូបភៀសខ្លួនចេញពីបន្ទាយនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ឆ្ពោះទៅប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រពីប្រទេសវៀតណាម ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងដំណើរឆ្ពោះទៅរកការស្រោចស្រង់ប្រទេសជាតិ និងជីវិតប្រជាជនកម្ពុជាពីទ្វារមច្ចុរាជនេះ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានឆ្លងកាត់ឧបស័គ្គ និងគ្រោះថ្នាក់យ៉ាងច្រើន។
លោកអ្នកអាចទស្សនាវីដេអូឯកសារ ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ ដែលបានរៀបរាប់យ៉ាងលម្អិតពីការធ្វើដំណើរផ្សងគ្រោះថ្នាក់ដើម្បីជាតិមួយនេះរបស់សម្ដេចតេជោ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណាក់កាលទី៣ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈ ប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមដំបូលសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ការណ៍នេះបានបង្ហាញតាមរយៈតថភាពនៃប្រវត្តិសាស្ត្រ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំងខាងយោធាដំបូងនៅថ្ងៃទី១២ ឧសភា ១៩៧៨ និងការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩»។
សម្ដេចធិបតីបន្តទៀតថា មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាននយោបាយឈ្នឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ។ នេះគឺជាសច្ចភាពប្រវត្តិសាស្ត្រដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ ហើយកូនចៅជំនាន់ក្រោយរបស់កម្ពុជាត្រូវតែចងចាំ៕
ដោយ ៖ សិលា