ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ឬយូរ៉ូបានឈានដល់សប្តាហ៍ទី២ហើយ ដែលការប្រកួតសន្សំពិន្ទុតាមពូលនៅរាត្រីនេះគឺក្រុមការពារតំណែងជើងឯកអុីតាលី ត្រូវប៉ះអេស្ប៉ាញនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ មិថុនា សម្រាប់វគ្គជម្រុះពូល B។
ក្រុមទាំង២មាន៣ពិន្ទុដូចគ្នាក្រោយពីការប្រកួតកាលពីសប្តាហ៍មុន ដោយអុីតាលីបានយកឈ្នះអាល់បានី២ទល់១ ខណៈដែលអេស្ប៉ាញបានបំបាក់ក្រូអាត៣ទល់០។
៥ប្រកួតចុងក្រោយសម្រាប់ក្រុមជម្រើសជាតិអុីតាលីគឺមិនដែលចាញ់នោះទេ ដោយឈ្នះ៤ដង និងស្មើម្តង។ ៣ប្រកួតចុងក្រោយស្មើទួរគី០ទល់០ ក្នុងទឹកដី (ជំនួបមិត្តភាព), ឈ្នះបូស្នៀ១ទល់០ក្នុងទឹកដី (ជំនួបមិត្តភាព) និងចុងក្រោយឈ្នះអាល់បានី២ទល់១ ក្នុងព្រឹត្តិការណ៍យូរ៉ូជម្រុះតាមពូល។
ចំណែកអេស្ប៉ាញវិញ៥ប្រកួតចុងក្រោយចាញ់តែ១ប្រកួតប៉ុណ្ណោះ ដោយឈ្នះ៣ និងស្មើ១។ ៣ប្រកួតចុងក្រោយ អេស្ប៉ាញក៏មិនដែលចាញ់ដែរ គឺឈ្នះអង់ដូរ៉ា ៥ទល់០ ក្នុងទឹកដី (ជំនួបមិត្តភាព), ឈ្នះអៀរឡង់ខាងជើង៥ទល់១ ក្នុងទឹកដី (ជំនួបមិត្តភាព) និងចុងក្រោយបំបាក់ក្រូអាត៣ទល់០ ក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ។
ក្រុមខ្លាំងទាំង២មានប្រវត្តិជួបគ្នា៧លើកចុងក្រោយគឺ អុីតាលីឈ្នះ២ដង អេស្ប៉ាញឈ្នះ៣ដង និងស្មើគ្នា២ដង។ ក្នុងនោះអុីតាលីឈ្នះអេស្ប៉ាញ ២ទល់០ ក្នុងជំនួបយូរ៉ូ២០១៦ និងឈ្នះដោយប៉ាល់ប៉េណាល់ទី ក្នុងវគ្គជម្រុះយូរ៉ូ២០២១។ ចំណែកអេស្ប៉ាញវិញឈ្នះ៣ដងគឺ ឈ្នះ៣ទល់០ ក្នុងជម្រុះ World Cup ២០១៧, ឈ្នះ២ទល់១ក្នុងជំនួប National League ២០២១ និងឈ្នះ២ទល់១ទៀតក្នុងជំនួប National League ឆ្នាំ២០២៣។
ឆ្លងកាត់ការប្រកួត និងប្រវត្តិជួបគ្នាកន្លងទៅគេមើលឃើញថា ទិន្នន័យឈ្នះរបស់អេស្ប៉ាញគឺមានច្រើនជាងអុីតាលី ប៉ុន្តែក្នុងការប្រកួតព្រឹត្តិការណ៍យូរ៉ូកន្លងទៅ បែរជាអុីតាលីមានប្រៀបជាងទៅវិញ។ ចាំមើលថា តើក្រុមទាំង២មួយណាជាអ្នកឈរលខ១ក្នុងពូល B និងមានឱកាសច្រើនក្នុងការឡើងទៅកាន់វគ្គ១៦ក្រុម៕
ដោយ៖ ភារៈ (រូបភាព ៖ soccerway.com)