ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១១

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១១  មកពីទីក្រុងសៀងហៃ ឆឹងទូ ហាងចូវ និងខេត្តចេជាង ដឹកនាំដោយលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG SEZ CO., LTD.)។

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុនចិនចំនួន ១១ មកពីទីក្រុងសៀងហៃ នឹងទូ ហាងចូវ និងខេត្តចេជាង ដឹកនាំដោយលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG SEZ CO., LTD.)។ ក្រុមហ៊ុនទាំង នោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យសណ្ឋាគារ ថ្នាំពេទ្យ សម្ភារៈវេចខ្ចប់ (កេសកាតុង និងសម្ភារៈប្លាស្ទិក) ឧស្សាហកម្មគីមី អេប៉ុង និងផលិតខ្មៅដៃ និងគ្រឿងសង្ហារិម។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈ ប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល។ លោកអគ្គលេខាធិការ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោក ជូ ចាងជីន ដែលបានចូលរួម អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរនៅកម្ពុជា គឺ ទី១-តំបន់ សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅឆ្នាំ២០១៨ និងទី២-តំបន់ សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលទើបទទួលបានគោល ការណ៍អនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែខុសភា ឆ្នាំ២០២៤ថ្មីៗនេះ។ លោកអគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ ច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនឹងវិស័យដែលមានសក្តានុ ពល ការផ្តល់កិច្ចសម្រួលវិនិយោគ និងបានធ្វើការកត់សម្គាល់ពីកំណើនវិនិយោគចិននៅកម្ពុជា។ បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមាន តុចិន (China Desk) សម្រាប់រង់ចាំផ្តល់ការប្រឹក្សា និងកិច្ចសម្រួលនានាជូន វិនិយោគិនចិនផងដែរ។

មានមតិក្នុងកិច្ចប្រជុំនេះ លោក ជូ ចាងជីន បានជម្រាបជូនថា តំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នមានការបណ្តាក់ទុនវិនិយោគពេញក្នុងតំបន់ រីឯតំបន់សេដ្ឋ កិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង បច្ចុប្បន្ន មានការបណ្តាក់ទុនវិនិយោគ ចំនួន ២៨ក្រុមហ៊ុន ហើយនឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះឱ្យបាន ១០០ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៤នេះ។ បន្ថែមលើនេះ ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង នឹងចាប់ផ្តើមសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកភាសា និងផ្នែកជំនាញបច្ចេកទេស នៅពេល ឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ លោក ជូ ចាងជីន ក៏បានលើកឡើងពីការអភិវឌ្ឍន៍ឧស្សាហកម្មដែលទាមទារឱ្យមាននិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី, ប្រព័ន្ធដីក ជញ្ជូនដែលមានភាពអំណោយផល និងការទាក់ទាញឱ្យបានច្រើនថែមទៀតនូវឧស្សាហកម្មគាំទ្រដែលនឹង ជួយធានាដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គត់។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានជម្រាបជូនថា សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី វិស័យថាមពល គឺនៅតែជា អាទិភាពគន្លឹះសម្រាប់ការអភិវឌ្ឍកម្ពុជា ដូចមានរំលេចក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) និងដោយផ្អែកលើកត្តាអំណោយផលដូចបានគូសបញ្ជាក់ពីខាងដើម ឯកឧត្តម អគ្គលេខាធិការបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ សម្រេចចិត្ត វិនិយោគនៅកម្ពុជា ដើម្បីច្បាមយកផលចំណេញរួមគ្នា៕

ដោយ ៖ សិលា


ចែករំលែក៖