ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីក្រសួងកសិកម្មបន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូង និងនាំយកថ្នាំសម្លាប់ដង្កូវ នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រុម ការងារនៃអគ្គនាយកដ្ឋាន​កសិកម្ម ដឹកនាំដោយ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានបន្តចុះពិនិត្យស្ថានភាព នៃការផ្ទុះរាលដាលដង្កូវហ្វូងស៊ីដំណាំស្រូវ និងនាំយកថ្នាំបាញ់សម្លាប់ដង្កូវ នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ក្នុងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ។

ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គា បានថ្លែង​ទៅកាន់អ្នកសារព័ត៌មាននៅកណ្តាលវាលស្រែថា បើតាមព័ត៌មា​នបឋមដំណាំស្រូវប្រមាណជា១៥ហិកតា ក្នុងចំណោម​ដំណាំស្រូវជាង៤០០ហិកតា ត្រូវបានសត្វដង្កូវ​ហ្វូងស៊ីត្រួយស្រូវស្ទើរអស់ទាំងស្រុង។ ប៉ុន្តែបន្ទាប់ពីបាញ់ថ្នាំកញ្ចាត់ដង្កូវ ដំណាំស្រូវនិងលូតលាស់ធម្មតា ដោយសារមានភ្លៀងធ្លាក់ជាបណ្តើរៗ។ 

ករណីនេះលោកបាន​ណែនាំទៅមន្ត្រីកសិកម្មប្រចាំខេត្តកំពង់ស្ពឺ ត្រូវសហការជាមួយ​នឹងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃលើដំណាំ​ស្រូវដែល​ដង្កូវហ្វូងស៊ីជា ប្រចាំ ដើម្បីស្រង់ស្ថិតិ ឬទិន្នន័យដែល​រងផលប៉ះពាល់​បន្ថែមទៀត បញ្ជូនទៅក្រុមការងារជំនាញពិនិត្យ និងងាយស្រួល​រកវិធីជួយដោះស្រាយបញ្ហាប្រឈមទាំង នោះ ជូនប្រជាកសិករ​នៅតំបន់នោះ។

នៅអំឡុងពេលចុះពិនិត្យនោះ ក្រុមការងារជំនាញកសិកម្ម​បានយកថ្នាំបាញ់សម្លាប់ដង្កូវហ្វូងចំនួន២ ប្រភេទ ឈ្មោះ ថ្នាំពិឃាតដង្កូវ និងប្រេងបង្កើនប្រសិទ្ធភាព ជីថ្នាំកសិកម្មជូនប្រជាកសិករ ដើម្បីបាញ់​សម្លាប់ដង្កូវហ្វូង នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ផងដែរ។

ប្រធាននាយកដ្ឋានដំណាំស្រូវ ក៏បានណែនាំទៅប្រជាសហគមន៍ និងប្រជាកសិករ ប្រើថ្នាំបាញ់សម្លាប់ដង្កូវហ្វូងនៅពេលព្រឹក ពេលល្ងាច ឬពេលយប់ជាដើម ទើបសម្លាប់ដង្កូវនោះបានប្រសិទ្ធភាព និង​ប្រសិទ្ធផលខ្ពស់៕

ដោយ៖ សូរិយា


ចែករំលែក៖