ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បញ្ជាក់ថា ការពិនិត្យ និងការវិភាគមុខងារនៅគ្រប់ក្រសួងស្ថាប័ន ជាផ្នែកសំខាន់មួយនៃ កំណែទម្រង់រដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលនីតិកាលទី ៧បានដាក់ចេញ

ចែករំលែក៖

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ  អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន និងការពង្រឹងសមត្ថកម្មវិស័យសាធារណៈ” នាសណ្ឋាគារ ហៃយ៉ាតរីជែនស៊ី ភ្នំពេញ នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤។ សិក្ខាសាលានេះ គឺមានបទបង្ហាញចែករំលែកបទពិសោធន៍ របស់ប្រទេស អូស្ត្រាលី ក្នុងការអនុវត្តការវិភាគមុខងារ និងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងបទបង្ហាញពីករណីសិក្សា របស់ប្រទេស សិង្ហបុរី ក្នុងការធ្វើឱ្យប្រសើរឡើងនៃប្រសិទ្ធភាពអង្គភាព  និងនវានុវត្តន៍ស្ថាប័ននៅក្នុងវិស័យសាធារណៈ។ 

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍លើកឡើងថា ការ ពិនិត្យ និងការវិភាគមុខងារនៅគ្រប់ក្រសួងស្ថាប័ន ជាផ្នែកសំខាន់មួយនៃ កំណែទម្រង់រដ្ឋបាលសាធារណៈ ដែលរាជរដ្ឋាភិបាលនីតិកាលទី ៧បានដាក់ចេញ។ ការងារនេះ ក៏ជាការអនុវត្តជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ផងដែរ។ ការពិនិត្យ វិភាគមុខងារក្រសួងស្ថាប័ននេះ ជាកំណែទម្រង់ថ្មីមួយ ដែលមានគោលដៅសំខាន់ ពង្រឹងប្រសិទ្ធភាពការងារ និងពិសេសឈានទៅបញ្ចប់ការត្រួតការងារគ្នានៅតាមក្រសួងស្ថាប័ន។

ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជរដ្ឋាភិ បាល ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចការកន្លងទៅ ដែលបានអនុវត្តជាបន្តបន្ទាប់ គឺការធ្វើកំណែទម្រង់ក្នុងការប្រឡងជ្រើសរើសមន្ត្រី។ បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ ដែលមានឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាថ្នាក់ដឹកនាំ បាននឹងកំពុងអនុវត្តការងារ ពិនិត្យនិងវិភាគមុខងារនៅគ្រប់ក្រសួងស្ថាប័ន ផងដែរ។ ជុំវិញការងារនេះ ក្រសួងមុខងារសាធារណៈ បានរៀបចំ

ក្នុងពិធីបើកសិក្ខាសាលានេះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារនេះ គឺដើម្បីលើកកម្ពស់ការបំពេញការងារតាមក្រសួងស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១របស់រាជរដ្ឋាភិបាល។ គោលដៅបន្ទាប់គឺដើម្បី ធ្វើការចាត់ចែងថវិកាប្រកប ដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងការអភិវឌ្ឍន៍មុខងារ លើសពីនេះគឺដើម្បីគ្រប់គ្រង និងចាត់ចែងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការអភិវឌ្ឍន៍សមត្ថភាពមន្ត្រី។ 

ឧបនាយករដ្ឋមន្ត្រី បន្តថា លើសពីចំណុចខាងលើនេះ ការពិនិត្យ និងវិភាគមុខងារនៅតាមក្រសួងស្ថាប័ន ក៏ដើម្បីដោះស្រាយបញ្ហាប្រឈម មួយចំនួនរបស់ក្រសួងស្ថាប័ន ដូចជាភាពមិនច្បាស់លាស់លើការត្រួតជាន់គ្នានៃមុខងារ និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន អង្គភាព ក្រោមឱវាទ។ លើសពីនេះ គឺដោះស្រាយលើភាពខ្វះចន្លោះ លើការធ្វើអទិភាព ភាវូបនីយកម្ម ទៅលើសកម្មភាពដែលក្រសួងស្ថាប័ន ត្រូវអនុវត្ត។ ទន្ទឹមគ្នានេះ ក៏ដើម្បីដោះស្រាយភាពស្មុគស្មាញ ក្នុងអន្តរទំនាក់ទំនងរវាងក្រសួងស្ថាប័ន ក៏ដូចជាដោះស្រាយភាពមិនពេញចិត្តរបស់អ្នកប្រើប្រាស់សេវាចំពោះកម្រិតគុណភាពនៃសេវា ដែលផ្ដល់ដោយក្រសួងស្ថាប័ន។ 

ជាភាពចាំបាច់ គឺគ្រប់ក្រសួងស្ថាប័ន ត្រូវតែអនុវត្តការ ពិនិត្យ និងវិភាគមុខងារនៅក្នុងក្រសួងស្ថាប័នរបស់ខ្លួន។ ក្រសួងស្ថាប័ន ដែលមិនបានបំពេញកិច្ចការសំខាន់នេះ គឺគ្មានសិទ្ធិក្នុងការជ្រើសរើសមន្ត្រីជាដាច់ ខាត។ នេះជាការបញ្ជាក់ថែម របស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៕

ដោយ៖ សូរិយា


ចែករំលែក៖