ខេត្តកោះកុង៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសៅរ៍ទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ បានថ្លែងថា សូមមានការយោគយល់ និងអធ្យាស្រ័យខ្ពស់🙏🙏🙏
ខាងក្រោមនេះ គឺជាចំណោតតាប៉ុននៅចន្លោះ Pk:140+300-Pk:140+700 និងចំណោតមួយទៀតនៅចន្លោះ Pk:136+900-Pk:137+300 នៃការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិ៤៨ (ស្រែអំបិល-កោះកុង) ដែលតែងមានបញ្ហារអិល ពិបាកក្នុងការធ្វើដំណើរពេលមានភ្លៀងធ្លាក់ជោគជាំ។
បញ្ហានេះ តរូវបានដោះស្រាយ និងធ្វើអោយប្រសើរឡើងជាប្រចាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដោយប្រការយថាហេតុ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងយកចិត្តទុកដាក់ខ្ពស់ និងចង្អុលបង្ហាញដល់ក្រុមការងារស្ថាបនាផ្លូវជាតិលេខ៤៨ យកចិត្តទុកដាក់ ប្រចាំការជួយសម្រួលចរាចរណ៍ និងឈូសឆាយភ្លាមៗបន្ទាប់ពីភ្លៀងរាំង ដើម្បីឱ្យការធ្វើចរាចរណ៍បានរលូន។
គួរបញ្ជាក់ថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាព ៦០,៥០% ហើយ គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៤នេះ។
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កំពុងដំណើរការយ៉ាងមមាញឹកលើការងារអ៊ុត AC។ ក្រុមការងារបានធ្វើ Base Course ជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ៕
ដោយ៖ តារា