សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ក្នុងការអត្ថាធិប្បាយមួយដែលចេញផ្សាយតាមកញ្ចក់ទូរទស្សន៍នាថ្ងៃសៅរ៍នេះ នាយករដ្ឋមន្រ្តីថៃ លោក Srettha Thavisin បានលើកហេតុផលការពារដំណើរបំពេញទស្សនកិច្ចចេញក្រៅប្រទេសជាញឹកញាប់ អំឡុងរយៈពេល១០ខែមកនេះ ក្នុងនាមជាមេដឹកនាំនៃប្រទេសថៃ។
ចាប់តាំងពីក្លាយជានាយករដ្ឋមន្រ្តីថៃ កាលពីខែសីហា ឆ្នាំ២០២៣មក លោក Srettha បានបំពេញទស្សនកិច្ចទៅក្រៅប្រទេសសរុបចំនួន១៥លើក ហើយកាលពីខែមីនា ឆ្នាំនេះ បានសន្យាផ្អាកធ្វើយ៉ាងដូច្នោះរយៈពេល២ខែ ក្រោយទទួលរងមតិរិះគន់ពីសាធារណៈ។ ទោះជាយ៉ាងណាក្តី នាពេលនេះ លោក Srettha បានលើកឡើងយ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចមួយចំនួន គឺមិនអាចចៀសបានឡើយ ទោះចង់ក៏ដោយ» ពោលគឺលោកចង់សំដៅលើទស្សនកិច្ចផ្លូវការនៅក្នុងតំបន់អាស៊ាន ព្រមទាំងទៅកាន់ចិន ជប៉ុន និងស្រីលង្កា ជាដើម។
ជាចុងក្រោយ លោកនាយករដ្ឋមន្រ្តីថៃបានបន្ថែមថា សម្រាប់ទស្សនកិច្ចមួយចំនួនផ្សេងទៀតវិញ គឺមានគោលដៅបម្រើដល់សេដ្ឋកិច្ចជាតិ តាមរយៈការព្យាយាមទៅទាក់ទាញពាណិជ្ជកម្ម និងការវិនិយោគឱ្យមកប្រទេសថៃ។ រូបលោកបានសង្កត់ធ្ងន់ថា «វាជារឿងចាំបាច់ ដែលត្រូវតែទៅ»។ លោក Srettha ដែលជាសេដ្ឋីអចលនទ្រព្យមួយរូប ធ្លាប់បានលើកឡើងជារឿយៗ អំពីគោលដៅរបស់លោកក្នុងការចែចង់ឱ្យបរទេស មកបណ្តាក់ទុនវិនិយោគឱ្យច្រើនៗ នៅក្នុងប្រទេសអាស៊ានមួយនេះ៕
ដោយ៖ ធីរីណា