ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង សម្រេចឃុំខ្លួនជនត្រូវចោទចំនួន ៤នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ធ្វើឱ្យខូចខាត និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតបង្កឡើងដោយក្រុមក្មេងទំនើង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ សាលាដំបូងខេត្តបាត់ដំបង បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៩៣៩ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណី ហិង្សា ធ្វើឱ្យខូចខាត និងកាន់កាប់អាវុធ ដែលប្រព្រឹត្តដោយក្មេងទំនើងចំនួន ០២ក្រុម មានគ្នាចំនួន ០៦នាក់។ ក្នុងនោះឃាត់ខ្លួនបានចំនួន ០៤នាក់ រួមមាន ១.ឈ្មោះ ខេន ភារៈ ភេទប្រុស អាយុ២៧ឆ្នាំ ២. ឈ្មោះ គឹម ហេង ភេទប្រុស អាយុ២០ឆ្នាំ ៣.ឈ្មោះ ឆាំ មុន្នីរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ ៤.ឈ្មោះ សេរី សីហា ភេទប្រុស អាយុ១៦ឆ្នាំ ចំណែកជនត្រូវចោទ ០២នាក់ ផ្សេងទៀតបានរត់គេចខ្លួន។

ជនត្រូវចោទឈ្មោះ ខេន ភារៈ និងបក្ខពួក ០២នាក់ ដែលរត់គេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី) ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ម៉ូ តូ) និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ កថាខណ្ឌ ១ ចំណុច ៣, មាត្រា ៤១១ កថាខណ្ឌ ១ ចំណុច ១ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។ ចំណែកជនត្រូវ ចោទឈ្មោះ គឹម ហេង ឈ្មោះ ឆាំ មុន្នីរ័ត្ន និងឈ្មោះ សេរី សីហា ត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី) បទល្មើសព្រហ្មទណ្ឌដែលត្រូវបានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ កថាខណ្ឌ ១ ចំណុច ៣ នៃក្រមព្រហ្មទណ្ឌ។ ប្រព្រឹត្តនៅចំណុចក្រុមទី០៥ ភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

សកម្មភាពរបស់ជនត្រូវចោទទាំង ០២ក្រុម គឺបានប្រព្រឹត្តអំពើហិង្សាដេញវាយគ្នា និងបានប្រើប្រាស់កាំបិត ថ្នាក់ចំនួន ០១ដើម ពូថៅចំនួន ០១ ធុងស្តេត្រ និងដបស្រាបៀរ ដេញកាប់ និងគប់គ្នា បណ្តាលឱ្យរងរបួសម្នាក់ និង បណ្តាលឱ្យខូចខាតម៉ូតូចំនួន ០២គ្រឿង ក្នុងនោះម៉ូតូរបស់ជនល្មើស ០១គ្រឿង និងម៉ូតូជនរងគ្រោះ ០១គ្រឿង ខូចខាត បែកចង្កៀងខាងមុខ ស្តុបភ្លើងស៊ីញ៉ូ បែកកុងទ័រ និងបែកកាតាប៊ូខាងមុខ។

ក្រោយពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាង និងពិចារណាអំពីមូលហេតុនៃការឃុំខ្លួន ចៅក្រម ស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ៤នាក់ ៤នាក់ ខាងលើ ជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។ ដោយឡែកជនត្រូវចោទផ្សេងទៀត ចៅក្រមស៊ើបសួរបានកំពុងបន្តចំណាត់ការស៊ើបសួរតាមនីតិវិធីច្បាប់។

ចំពោះសកម្មភាពប្រព្រឹត្តរបស់ក្រុមក្មេងទំនើង ដែលបង្កឱ្យកើតជាបញ្ហាដល់រូបកាយ ខូចខាតទ្រព្យសម្បត្តិ អ្នកដទៃ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យវឹកវរដល់សង្គមជាតិ​ តុលាការ នឹងអនុវត្តច្បាប់ដោយម៉ឺងម៉ាត់និងតឹងរឹងបំផុត៕

ដោយ​៖ តារា​


ចែករំលែក៖