ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធី CoolApp លើកទឹកចិត្តស្នាដៃកូនខ្មែរ និងដើម្បីសម្រាប់សុវត្ថិភាពសន្តិសុខជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា ៖ ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។

សម្តេចតេជោ បន្តថា ៖ គោលដៅរបស់ខ្ញុំក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលខ្ញុំត្រូវគិតគឺសុវត្ថិភាព

សម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។

សម្តេចបន្តថា ៖ រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធគួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។ CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ យើងមិនបានហាមឃាត់ មិនឲ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ៖ សម្រាប់ខ្ញុំបាន និងកំពុងប្រើ៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង។ តើមានអ្វីប្លែកពីប្រព័ន្ធផ្សេងទេ? សម្រាប់ខ្ញុំបានបញ្ចូលទៅក្នុងទូរស័ព្ទ៦គ្រឿង និងសាកល្បងប្រើប្រាស់ឃើញមានភាពងាយស្រួលលើចំណុច៣គឺ៖

១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។

២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន។

៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។

សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត។

ចំណុចនេះជាការសាកល្បងរបស់ខ្ញុំប៉ុណ្ណោះបើបងប្អូនចង់សាកល្បងក៏សូមសាកល្បងមើលរាប់ទាំងប្អូននៅក្រៅប្រទេស ព្រោះបងប្អូនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធនេះ ជាមួយខ្ញុំរួចហើយ៕

ដោយ ៖ សិលា


ចែករំលែក៖