ព័ត៌មានទាន់ហេតុការណ៍៖

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ លើការងារមុខងារសាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោកឧបនាយករដ្ឋមន្ត្រី ព្រមទាំងប្រតិភូជាន់ខ្ពស់របស់ក្រសួងមុខងារសាធារណៈ នឹងអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិ, ចូលរួមក្នុងបទបង្ហាញ និងសិក្ខាសាលាផ្សេងៗពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមប្រធានបទ “ការជំរុញនវានុវត្តន៍ក្នុងពេលមានបញ្ហាប្រឈមសកល៖ ទស្សនវិស័យរបស់វិស័យសាធារណៈ” (Fostering Innovation amid Global Challenges: a Public Sector Perspective)។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាវាគ្មិនមួយរូបក្នុងចំណោមវាគ្មិនដែលជារដ្ឋមន្ត្រី១០រូបផ្សេងទៀត ក្នុងវេទិកាតុមូលកម្រិតរដ្ឋមន្ត្រី (Ministerial Roundtable)។ ក្នុងបេសកកម្មនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រី នៃក្រសួងគ្រប់គ្រងបុគ្គលិក (Ministry of Personnel Management) របស់សាធារណរដ្ឋកូរ៉េ និងជំនួបទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងទៀតដែលបានចូលរួម។

សូមជម្រាបថា ដំណើរ ទស្សនកិច្ចផ្លូវការទៅ ប្រទេស កូរ៉េ ខាងត្បូងនាពេលនេះ ជាការអញ្ជើញរបស់ លោក LI Junhua, UN Under-Secretary-General ចូលរួមវេទិកាសេវាសាធារណៈ និងពិធីប្រគល់ពានរង្វាន់របស់អង្គការសហប្រជាជាតិ (UN Public Service Forum and UN Public Service Award) ក្រោមប្រធានបទ “ការជំរុញនវានុវត្តន៍ក្នុងពេលមានបញ្ហាប្រឈមសកល៖ ទស្សនវិស័យរបស់វិស័យសាធារណៈ” (Fostering Innovation amid Global Challenges: a Public Sector Perspective) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ។ វេទិកានេះ ត្រូវបានសហការរៀបចំដោយ The United Nations Department of Economic and Social Affairs (UN DESA) និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដោយផ្តោតលើតួនាទីនៃការជំរុញនវានុវត្តន៍ និង ការផ្លាស់ប្តូរនៅក្នុងវិស័យសាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាពរបស់រដ្ឋបាលសាធារណៈនាពេលបច្ចុប្បន្ន និងអនាគត៕

ដោយ៖ តារា


ចែករំលែក៖