ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលជើងឯកនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការចាប់ឃាត់ខ្លួន និងបង្ហាញមុខជាសាធារណៈមុនបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ បន្ទាប់ពីជននេះបានធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃកាប់បំផ្លាញម៉ូតូ) កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១និង៣០នាទី ត្រង់ចំណុចផ្លូវបេតុងខាងមុខមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅភូមិរសួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ាត ម៉េងគីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅផ្ទះជួល ម្ដុំពេទ្យលោកសង្ឃ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឌី វ៉ាន់ដេត ហៅ ដេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងនោះមានសម្ភារៈខូចខាត៖ ១/ដាច់កន្ទុយម៉ូតូជាប់ជាមួយផ្លាកលេខ ២/បែកកុងទ័រម៉ូតូ ៣/បែកចង្កៀងម៉ូតូពីខាងមុខ។ និងវត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង1H-4152 មានលេខតួនិងលេខម៉ាស៊ីន5191954 (របស់ជនរងគ្រោះខូចខាតបែកកុងទ័រ, បែកចង្កៀងម៉ូតូខាងមុខ និងដាច់កន្ទុយជាប់ផ្លាក លេខ) ២/ដាវកែច្នៃប្រវែង៧៩សង់ទីម៉ែត្រចំនួន០១ដើម (របស់ជនសង្ស័យ)។
គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទី ជនរងគ្រោះឈ្មោះ យ៉ាត ម៉េងគីម ភេទប្រុស អាយុ១៧ឆ្នាំ និងមិត្តភក្តិឈ្មោះ ថន វិសាល ភេទប្រុស អាយុ២០ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង1H-4152 ចេញពីឃ្លាំងកន្លែងធ្វើការរបស់មិត្តភក្តិ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅរកទិញស្រាបៀរ ។ ពេលជនរងគ្រោះនិងមិត្តភក្តិជិះម៉ូតូម៉ាកខាងលើទៅដល់ខាងមុខ មណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏មានជនសង្ស័យឈ្មោះ ឌី វ៉ាន់ដេត ហៅដេត ភេទប្រុសអាយុ១៧ឆ្នំា និងបក្ខពួក២នាក់ទៀតទី០១ឈ្មោះ សាល ភេទប្រុស អាយុ១៧ឆ្នាំ ទី០២ឈ្មោះ ឆាង ភេទប្រុស ភេទប្រុស អាយុ១៥ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ មិនស្គាល់ផ្លាកលេខ ប្រដាប់ដោយដាវកែច្នៃចំនួន០២ដើម ស្ទាក់ពីមុខម៉ូតូរបស់ជនរងគ្រោះ ឃើញដូចនេះជនរងគ្រោះក៏បានរត់គេចខ្លួនចោលម៉ូតូ។ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពកាប់ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-4152 របស់ជនរងគ្រោះ បណ្តាលឱ្យដាច់កន្ទុយផ្លាកលេខខាងក្រោយ, បែកកុងទ័រ និងបែកចង្កៀងពីមុខ។ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវបានឃើញហេតុការណ៍នោះ ក៏ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឌី វ៉ាន់ដេត ហៅ ដេត រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួក០២នាក់ទៀត ទី០១ឈ្មោះ សាល ទី០២ឈ្មោះ ឆាង ពិតជាបានជិះម៉ូតូឌុបគ្នា០៣នាក់ ប្រដាប់ដោយដាវកែច្នៃចំនួន០២ដើម ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះប្រាកដមែន រួចឈ្មោះ យ៉ាត ភេទប្រុស អាយុ៤៤ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) ក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ដោយ ៖ ភារ៉ា ដង្កោ