ភ្នំពេញ៖ ជាថ្មីម្តងទៀតលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រី លោកប្រធានការិយាល័យ លោក -លោកស្រីចៅសង្កាត់ លោកមេប៉ុស្តី និង ស្មៀនសង្កាត់ទាំង ៨ ។
នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត
ទី១-ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេស ត្រូវរួមគ្នាអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលុបបំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងត្រូវរួមគ្នាលុបបំបាត់សកម្មក្មេងទំនើងអោយមានប្រសិទ្ធិភាព ចុះត្រួតពិនិត្យជាប្រចាំនៅតាមសាលារៀន តាមហាងកាហ្វេ តាមវត្តអារាម និងនៅតាមភូមិសាស្ត្រងាយរងគ្រោះដោយក្រុមក្មេងទំនើងជួបជុំប្រមូលផ្តុំគ្នា ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដុមរម្យនា ។
ទី២-ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តអោយមានប្រសិទ្ធភាពក្នុងចុះការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត ។ ចំណុចមួយទៀតពេលសិស្សចេញពីរៀនអាជ្ញាធរមូលដ្ឋានត្រូវចាត់ចែងកម្លាំងសម្រួលចរាចរនៅតាមសាលារៀនទាំងអស់ដើម្បី សុខសុវត្ថិភាពសិស្ស និងអ្នកដំណើរលើដងផ្លូវ ។
ទី៣- ត្រូវយកចិត្តទុកដាក់ក្នុងការបម្រើ សេវាជូនប្រជាពលរដ្ឋ រួមមានសេវាតម្រូវការ សេវាសំណូមពរ សេវាចាំបាច់ ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព ។ ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងបុរីនិងសំណង់ផ្ទះល្វែង អោយបានហ្មត់ចត់បំផុត ។
ចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌបានកោតសសើរដល់កងកម្លាំងទាំងអស់របស់គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់បានសហការគ្នាល្អក្នុងការការពារសន្តិសុខសណ្តាប់ សាធារណៈបានល្អប្រសើរដើម្បីផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ ជាពិសេសគណៈបញ្ជាការឯកភាពសង្កាត់ ខណ្ឌ ចាប់ពីពេលនេះតទៅត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលុបបំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ និង សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋាន ៕
ដោយ៖ សណ្តោស