ព័ត៌មានទាន់ហេតុការណ៍៖

ក្រុងប៉េកាំងប្រឈមនឹងរលកកម្ដៅ តំបន់ភាគកណ្ដាលប្រទេសចិន រងគ្រោះទឹកជំនន់ស្លាប់៥នាក់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារ ទី២៥ ខែមិថុនានេះបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ហូរចុះពីលើភ្នំនៅភាគកណ្ដាលនៃប្រទេស បានកើនដល់ ៥នាក់ ខណៈតំបន់មួយចំនួនទៀតក្នុងប្រទេសចិនកំពុងប្រឈមនឹងអាកាសធាតុដ៏ក្ដៅ។
បើតាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបង្កជាគ្រោះទឹកជំនន់ហូរចុះពីលើភ្នំ ក្នុងខេត្ត Hunan កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ដោយឡែក ទូរទស្សន៍រដ្ឋចិន CCTV នៅថ្ងៃអង្គារនេះ ដោយផ្អែកលើការដកស្រង់សម្ដីពីអាជ្ញាធរចិន ក៏បានឱ្យដឹងដែរថា មនុស្សម្នាក់ដែលបានបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅតំបន់ Yuanling ត្រូវបានប្រទះឃើញថាបានស្លាប់ នាំឱ្យចំនួនអ្នកស្លាប់កើនដល់៥នាក់។
ចិនបានជួបប្រទះនឹងអាកាសធាតុអាក្រក់ជាញឹកញាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រាប់ចាប់ពីគ្រោះទឹកជំនន់ រហូតដល់រលកកម្ដៅ។ នៅថ្ងៃអង្គារនេះដែរ អាជ្ញាធរចិនបានណែនាំឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះរលកកម្ដៅ តួយ៉ាងក្នុងទីក្រុងប៉េកាំង ជាទីដែលសីតុណ្ហភាពកើនឡើងលើស ៣៥អង្សាសេ។
កន្លងមកកាលពីថ្ងៃទី ២១ខែមិថុនា មានគ្រោះទឹកជំនន់បាក់ដីនៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យមានមនុស្ស ៤៧នាក់ស្លាប់ ។ ប្រព័ន្ធផ្សព្វផ្សាយចិនបានចាត់ទុកគ្រោះទឹកជំនន់នៅតំបន់ភាគខាងត្បូង គឺជាករណី ១០០ឆ្នាំ មានម្តង។ ក្រៅពីអ្នកស្លាប់ នៅមានពលរដ្ឋជាង ៥៥ ពាន់នាក់រងផលប៉ះពាល់៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖