ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៨៩៥ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដែលបង្កដោយក្មេងទំនើងចំនួន០៩នាក់ គឺ៖
ទី១.ឈ្មោះ គង់ រតនៈ ហៅណាក់ ភេទប្រុស អាយុ ២០ឆ្នាំ (មានខ្លួន) ទី២.ឈ្មោះ ឆ្លង ដាវិត ហៅវីត ភេទប្រុស អាយុ១៨ឆ្នាំ(មានខ្លួន) ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ សន្និធិអាវុធសម្រាប់ប្រហារ ប្រព្រឹត្តនៅភូមិព្រៃព្រិចភូមិទំនប់ ក៥ និងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៨៨៩ នៃក្រមព្រហ្មទណ្ឌ។ទី៣.ឈ្មោះ ខឿន ប្រុសចេម ហៅចេម ភេទប្រុស អាយុ ១៧ឆ្នាំ (មានខ្លួន) ទី៤.ឈ្មោះ រៀម សុភា ហៅចក់ ភេទប្រុស អាយុ ១៧ឆ្នាំ (មានខ្លួន) ទី៥.ឈ្មោះ លឹម លីហួរ ភេទប្រុស អាយុ១៧ឆ្នាំ (មានខ្លួន) ទី៦.ឈ្មោះ វ៉ា ភារុន ភេទប្រុស អាយុ ១៤ឆ្នាំ (មានខ្លួន) ទី៧.ឈ្មោះ មាន វណ្ណស័ក្តិ ភេទប្រុស អាយុ ១៧ឆ្នាំ (មានខ្លួន) ទី៨.ឈ្មោះ ប៊ុន យ៉ត ហៅយ៉ត ភេទប្រុស អាយុ ២១ឆ្នាំ (មានខ្លួន) និងទី៩.ឈ្មោះ ឃុន ចំណាន ហៅណាន ភេទប្រុស អាយុ ១៧ឆ្នាំ (មានខ្លួន) ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ សមគំនិតក្នុងអំពើសន្និធិអាវុធសម្រាប់ប្រហារ ប្រព្រឹត្ត នៅភូមិព្រៃព្រិច ភូមិទំនប់ក៥ និងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា៨៨៩ និងតាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីបានធ្វើនីតិវិធីលើជនត្រូវចោទទាំង០៩នាក់ និងបានពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នលេខ៖ ៨៦៥,៨៦៦ ,៨៦៧,៨៦៨,៨៦៩,៨៧០,៨៧១,៨៧២,៨៧៣ ព្រ.ទឈ /២៤ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លើឈ្មោះ ប៊ុន យ៉ត,ឈ្មោះ ម៉ាន វណ្ណស័ក្តិ, ឈ្មោះ ឆ្លង ដាវីត, ឈ្មោះ រ៉ា ភារុន,ឈ្មោះ លឹម លីហួរ,ឈ្មោះ រៀម សុភា,ឈ្មោះ ខឿន ប្រុសចេម,ឈ្មោះ ឃុត ចំណាន និងឈ្មោះ គង់ រតនៈ ដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ តារា