ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ដោយមានការអញ្ជើញចូលរួមពី លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា និងលោក SANUI KAZUMASA ប្រធានទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងសិក្ខាកាមមកពីបណ្តាក្រសួង និងអង្គភាពពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើមក្នុងអង្គពិធី លោក SANUI KAZUMASA ប្រធានទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជា ក៏បានលើកឡើងថា ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលកំពុងផ្សព្វផ្សាយនាថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រសិទ្ធភាព និងនិរន្តរភាព ក្នុងការប្រើប្រាស់ផ្លូវទឹក និងប្រព័ន្ធដឹកជញ្ជូនផ្សេងទៀតដែលតភ្ជាប់គ្នា។ ជាមួួយគ្នានេះដែរ លោកក៏បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារ JICA ក្នុងវិស័យរដ្ឋបាលកំពង់ផែ បានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៩ ដែលក្នុងនោះ គម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសត្រូវបានអនុវត្តនាពេលនោះគឺ គម្រោងបង្កើតគោលនយោបាយកំពង់ផែជាតិ និងប្រព័ន្ធរដ្ឋបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់មក លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចូលរួមអបអរសាទរចំពោះការអនុម័តច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាច្រើនដល់ក្រសួងការធារណការ និងដឹកជញ្ជូន ក្នុងការគាំទ្រ ការអនុវត្តប្រព័ន្ធ Port EDI និងអនុវត្តការបង្កើតគោលការណ៍សម្រាប់ផែនការអភិវឌ្ឍន៍កំពង់ផែ និងស្តង់ដារបច្ចេកទេសកំពង់ផែនៅកម្ពុជា។ ច្បាប់នេះនឹងដាក់ឱ្យប្រើជាមូលដ្ឋាន សម្រាប់ការអនុវត្តនាពេលអនាគតប្រកបដោយប្រសិទ្ធិភាព និងសមស្របតាមកាលៈទេសៈ។ រដ្ឋាភិបាលជប៉ុន បានបន្តការគាំទ្រនៅការសាងសង់ស្ថានីយកុងតឺន័រថ្មីក្នុងកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាការអភិវឌ្ឍផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលដឹកជញ្ជូននាឆ្នាំ២០៥០។
ជាចុងក្រោយ នៃអង្គពិធីក្នុងកិច្ចបើកសិក្ខាសាលានេះ លោករដ្ឋមន្រ្តី បានលើកឡើងពីសក្តានុពល ពីបណ្តាញផ្លូវទឹកប្រទាក់ក្រឡាគ្នា សម្រាប់ការដឹកជញ្ជូនតាមផ្លូវទឹក ទាំងក្នុងប្រទេស និងបណ្តាប្រទេសនានាលើពិភពលោក ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍសង្គម សេដ្ឋកិច្ច បង្កើតឱកាសដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសតាមតំបន់ឆ្នេរសមុទ្រ តំបន់ទន្លេ បឹង ស្ទឹង និងព្រែក នៃប្រទេសកម្ពុជា។ ច្បាប់នេះ គឺជាសមិទ្ធផលមួយ ដ៏វិសេសវិសាលរបស់កម្ពុជា និងជាច្បាប់ដំបូងបង្អស់សម្រាប់គ្រប់គ្រងការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកម្ពុជា ដែលមានគោលបំណងរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ក៏ដូចជាផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថាច្បាប់ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានអនុម័តឱ្យប្រើកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ៕
ដោយ៖តារា