ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថាដរាបណាគណបក្សប្រជាជនកម្ពុជានៅតែកាន់អំណាច កិត្តិយស និងការយកចិត្តទុកដាក់លើអតីតយុទ្ធជនគឺនៅតែរក្សាជូន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅក្នុងខួបទី១៧ នៃទិវាយុទ្ធជនដែលរៀបចំឡើងនូវសាកលវិទ្យាល័យការពារជាតិព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖ «ខ្ញុំគាំទ្រការធ្វើអ្វីក៏ដោយដើម្បីជាប្រយោជន៍ទៅដល់អតីតយុទ្ធជនរបស់យើង»។
បច្ចុប្បន្នកម្ពុជាមានអតីតយុទ្ធជនប្រមាណជាង ១០ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកជិត១៥ម៉ឺននាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែ ពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួល ជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភានេះ គឺរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូន អតីតយុទ្ធជនដោយបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការជារឿយៗជាដើម។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនលើការងារសំខាន់ៗចំនួន៣ គឺ កិត្តិយស ជីវភាព និងឱកាស ដើម្បីតបស្នងទៅដល់អតីតយុទ្ធជនគ្រប់ជំនាន់ ៕
ដោយ ៖ សិលា