ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ នៅកម្ពុជាមានទិវាជាច្រើនត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែទិវាដែលប្រារព្ធធ្វើទៅបាន គឺទាល់តែពិសេសខ្លាំងណាស់ ដូចនេះ ការកំណត់យកថ្ងៃ ២១ មិថុនា ជាការរម្លឹកនូវវីរភាពរបស់អតីតយុទ្ធជនគ្រប់ជំនាន់ នេះជាកិត្តិយសធំណាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ អ្វីដែលសំខាន់ គឺបំផុសនូវស្មារតីដឹកគុណជានិច្ចដល់អតីតយុទ្ធជន និងការរៀបចំជាក្រុមប្រឹក្សាខេត្ត ស្រុក មានការផ្តល់កិត្តិយសចូលរួមក្នុងទិវារម្លឹកគុណនេះផងដែរ។
សម្ដេចបន្តថា បងប្អូនអតីតយុទ្ធជនសរុបទូទាំងប្រទេសមានចំនួន ១០ម៉ឺននាក់ មិនអាចបានមកចូលរួមក្នុងទិវានៅថ្ងៃនេះទាំងអស់បានទេ ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ផ្តល់ឱកាសដល់បងប្អូនអតីតមួយចំនួន ដើម្បីចូលរួមដឹកនាំបន្ត ដែលជាការផ្តល់កិត្តិយសធំណាស់ ជាតំណាងឱ្យអតីតយុទ្ធជននៅទូទាំងប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាកលវិទ្យាលយ័ការពារជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៩០៣៤ នាក់ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញឲ្យមានការនឹករលឹកជាប្រចាំចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា ដោយសម្តេច បានមានប្រសាសន៍ថា«បើចងចាំនូវ ប្រវត្តិសាស្រ្ត គប្បីត្រូវចងចាំអ្នកដែលបានចូលរួម» ៕
ដោយ ៖ សិលា