ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធដី ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក និងភូមិវត្តនិងភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធដី ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក និងភូមិវត្តនិងភូមិបុស្ស ឃុំត្រស់ស្រុករមាសហែក។

សូមជម្រាបជូនសាធារណជនមេត្តាជ្រាបអំពី៖ (១). ករណី ឈ្មោះ ប៊ុន ណារី, ប៊ុន ឡង់ឌី, ចាន់ សាវឿន និងឈ្មោះ ជូ ស៊ីណា បានអះអាងថាខ្លួនជាតំណាងប្រជាពលរដ្ឋ ចំនួន ៣១គ្រួសារ ស្នើសុំជួយដោះស្រាយវិវាទដីធ្លីប្រមាណ ៧៥ហិកតា ស្ថិតនៅភូមិវត្តនិងភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង និង (២). ករណីឈ្មោះ ចិន ពែក, ទិត្យ យួន និងឈ្មោះ ប៊ូ សាឡាត់ បាន អះអាងថាខ្លួនជាតំណាងប្រជាពលរដ្ឋ ៧៨គ្រួសារ ស្នើសុំចុះបញ្ជីដីទំហំ ៣៥៩ហិកតា ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

ករណីសំណើទាំងពីរនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យស្រាវជ្រាវឃើញថា ទីតាំងដីស្នើសុំជាដីសាធារណៈរបស់រដ្ឋស្ថិតក្រោមការកាន់កាប់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយកន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបដិសេធការស្នើសុំចុះបញ្ជីដីធ្លី តាមរយៈលិខិតលេខ០៥៣ ដនស/ខុទ្ទ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ 

ទោះបីជាមានការជូនដំណឹងអំពីការ បដិសេធទៅបុគ្គលតំណាងខាងលើរួចហើយក្តី ក៏បុគ្គលខាងលើនៅតែមិនព្រមទទួលយក និងបានព្យាយាមស្នើសុំ អន្តរាគមន៍ជាបន្តបន្ទាប់ទៅកាន់អាជ្ញាធរមូលដ្ឋាន និងបណ្តាក្រសួង-ស្ថាប័នដទៃទៀតឱ្យជួយពិនិត្យ និងដោះស្រាយ ក្នុងចេតនាទុច្ចរិតទាមទារយកដីសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់ ដែលបង្កឱ្យ មហាជនមានការយល់ច្រឡំមកលើអាជ្ញាធរមូលដ្ឋាន ក្រសួង-ស្ថាប័នដែលជាអ្នកអនុវត្តច្បាប់និងគោលនយោបាយ ក្នុងការរក្សាបរិយាកាសគ្មានវិវាទលើវិស័យដីធ្លីនៅកម្ពុជា ៕

ដោយ៖ សុថាន


ចែករំលែក៖