ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ៖​ ប្រកាសចុះចេញពីតំណែងប្រសិនបើជនល្មើស ស្រី ស៊ីណា ជាប់គុកពីរបីឆ្នាំហើយដោះលែងវិញ​

ចែករំលែក៖

ភ្នំពេញ៖ ថ្លែង​នៅចំពោះមុខអ្នកសារព័ត៌មាន​ នាឱកាសក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ​ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រកាសនឹងចុះចេញពីតំណែងប្រសិន បើឧក្រិដ្ឋជន ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សយ៉ាងកាចសាហាវ នៅក្នុងបុរីប៉េងហួត កាលពី កន្លងទៅថ្មីៗនេះ ជាប់គុកត្រឹមពីរបីឆ្នាំហើយត្រូវដោះលែងឲ្យមានសេរីភាពវិញដូចការលើកឡើងរបស់អ្នក វិភាគមួយក្តាប់តូចនោះ។

លោករដ្ឋមន្ត្រី​ កើត រិទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖”ជនល្មើស ស្រី ស៊ីណា ត្រូវតែជាប់គុកទៅតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសជាដាច់ខាត ដោយឧក្រិដ្ឋជនរូបនេះអាចនឹងជាប់គុកពី២០ទៅ៣០ឆ្នាំ ហើយបើករណីនេះកើតឡើងដូចការវិភាគរបស់ជន មួយចំនួនតួចថា ឧក្រិដ្ឋជនរូបនេះជាប់គុកត្រឹមតែពីរឬទៅបីឆ្នាំហើយត្រូវដោះលែងឲ្យមានសេរីភាពវិញនោះ លោក​ គឺជាអ្នកទទួលខុសត្រូវមុនគេ”។

លោករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ទោះបីជាទង្វើរបស់ជនល្មើស ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សនៅបុរី ប៉េង ហួត កាលពីកន្លងទៅមានភាពសាហាវព្រៃផ្សៃយ៉ាងណាក៏ដោយ ក៏វិស័យយុត្តិធម៌មិនអាចធ្វើអ្វីតាមអំពើចិត្តរបស់ខ្លួនបានឡើយក្រៅតែពីការអនុវត្តច្បាប់ ដែលបានចែងជាធរមាន។ តែយ៉ាងណាក្តី ឧក្រិដ្ឋជន ស្រី ស៊ីណា មិនត្រូវបានដាក់ឈ្មោះក្នុងបញ្ជីនៃការបន្ធូរបន្ថយទោសនោះឡើយ ដោយសារតែសកម្មភាពឃាតកម្មរបស់ជននេះជាទង្វើកាចសាហាវ ដោយគ្មានការលើកលែងឬអត់ឱនឲ្យនោះទេ។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ ក៏បានប្រតិកម្មចំពោះការផ្សព្វផ្សាយ ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា ករណីបុរសម្នាក់កាប់សម្លាប់ស្រ្តីម្នាក់នៅ ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃមុននោះ ពុំមែនជាប់ពន្ធនាគារមួយជីវិតដូចការផ្សព្វផ្សាយរបស់បណ្តាញសង្គមនោះឡើយ ខណៈករណីរបស់ជនជាប់ចោទនេះ ជាករណីឃាតកម្មដោយមិនបានគិតទុកជាមុន ពោលគឺជាប់ពន្ធនាគារត្រឹមតែ១៥ឆ្នាំតែប៉ុណ្ណោះ៕

ដោយ​៖ តារា​


ចែករំលែក៖