ព័ត៌មានទាន់ហេតុការណ៍៖

លោក រដ្ឋលេខាធិការក្រសួងកសិកម្មដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពដង្កូវហ្វូងកំពុងរាតត្បាតស៊ីបំផ្លាញស្រូវបងប្អូនប្រជាពលរដ្ឋនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក សរ សុដានី អភិបាលរងខេត្ត តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពដង្កូវហ្វូងកំពុងរាតត្បាត ស៊ីបំផ្លាញស្រូវបងប្អូនប្រជាពលរដ្ឋនៅស្រុករមាសហែកដើម្បីធ្វើការផ្សព្វផ្សាយ និងចាត់វិធានការបន្ទាន់ក្នុងទប់ស្កាត់កុំអោយរីករាលដាលបន្តទៀត។

ពាក់ព័ន្ធករណីខាងលើ នេះ លោក សរ សុដានី អភិបាលរងខេត្ត តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានពីការរាតត្បាតដង្កូវហ្វូង រួចមក លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចាត់អោយ លោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ហើយ លោកប៉េងពោធិ៍សា អភិបាលខេត្តបានចាត់អោយរូបលោក និងក្រុមការងារបានចុះពិនិត្យជាក់ស្ដែង។

លោកអភិបាលរងខេត្តបានបន្តថា បន្ទាប់ពីចុះពិនិត្យរួចមកជាលទ្ធផលគឺមានដង្កូវហ្វូងកំពុងតែរាតត្បាតស៊ីបំផ្លាញស្រូវ ដោយខាងមន្ត្រីជំនាញរបស់ក្រសួងកសិកម្មបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហើយក៏បានផ្ដល់ថ្នាំមួយចំនួនសម្រាប់បាញ់សម្លាប់សត្វល្អិត។

មិនតែប៉ុណ្ណោះ ដោយក្រុមការងារបានចាត់វិធានការបន្ទាន់សម្រាប់ដោះស្រាយបញ្ហាខាងលើនេះ នឹងបានចាត់វិធានការបន្តទៀតដើម្បីទប់ស្កាត់អោយខានតែបាននៅការរាតត្បាតរបស់ដង្កូវហ្វូងនេះ។

លោកបានបន្ថែមថា លោករដ្ឋលេខាធិការ ក្រសួងកសិកម្ម ក៏បានសន្យាថានិងសហការជាមួយអាជ្ញារធខេត្តក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញមន្ទីរកសិកម្ម ធ្វើយ៉ាងណាដើម្បីទប់ស្កាត់ កុំអោយ មានការរីករាលដាល ជាបន្តទៀត។

លោក ក៏បានបន្តថា មានតែស្រុករមាសហែកតែប៉ុណ្ណោះ ដែលមានដង្កូវហ្វូង រាតត្បាត គឺមាន២ឃុំ ដូចជាឃុំត្រស់និងឃុំអំពិល ចំពោះ ផ្ទៃដីដែលរងផលប៉ះពាល់ មានប្រមាណ ២៨២ ហិកតា ដោយសារដង្កូវហ្វូងខាងលើនេះ។

ដង្កូវហ្វូងនេះ គឺមានការវិវត្តន៍ខ្លួនយ៉ាងលឿននិងសមត្ថភាព ការបំផ្លាញ់ក៏ខ្លាំងដែរ ដូច្នេះហើយមន្ត្រីជំនាញនិងចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលរាតត្បាតបំផ្លិចបំផ្លាញដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

បន្ទាប់មក ក្នុងថ្ងៃដដែលនេះដែរ លោក គឹម សុន រដ្ឋលេខាធិការ ក្រសួងកសិកម្ម លោក សរ សុដានីអភិបាលរងខេត្តស្វាយរៀង និងក្រុមការងារបានបន្តពិនិត្យការបង្ករបង្កើនផលស្រូវវស្សា និងការដាំបន្លែបែបសហគមន៍ទំនើប របស់បងប្អូននៅស្រុកស្វាយជ្រំ និងស្រុកស្វាយទាប ហើយ ឯកឧត្តមក៏បានជួបសំណេះសំណាលជាមួយប្អូនៗជាមន្ត្រីកសិកម្មប្រចាំឃុំចំនួន៧រូបប្រចាំខេត្តស្វាយរៀង ដើម្បីសួរសុខទុក្ខ និងពិភាក្សាការងារយ៉ាងភាពស្និតស្នាលផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖