ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកឯបុរសម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខណៈពេលជិះម៉ូតូឆ្លងកាត់ទទឹងផ្លូវត្រូវរថយន្តដឹកដែកធុនធំបើកមកលឿនកិនម៉ូតូជាប់ក្រោមរថយន្ត កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅ លើផ្លូវចោមចៅ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ បានជិះម៉ូតូ ម៉ាកHONDA SCOOPY ពណ៌សមួយគ្រឿងពាក់ ស្លាកលេខ ភ្នំពេញ 1IW-0335 ជិះឌុបគ្នាចេញពីផ្លូវបេតុងផ្សារដីថ្មីក្នុងទិសដៅពីត្បូងមកជើង រួចក៏ឆ្លងកាត់ទទឹងផ្លូវស្របពេលរថយន្តដឹកដែកធុនធំក្បាលពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 3A-2519 បេីកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅពីលិចមកកើតក្នុងល្បឿនលឿនក៏ជ្រុលបុកហេីយ កិនពីលើម៉ូតូបណ្ដាលឲ្យ បុរសម្នាក់ស្លាប់ និង ម្នាក់ទៀតរួមដំណើរជាមួយបានរងរបួសធ្ងន់ បញ្ជូនទៅ មន្ទីរពេទ្យភ្លាមៗ។ ចំណែកអ្នកបើករថយន្តបង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកេីតហេតុសមត្ថកិច្ច មូលដ្ឋានសហការជាមួយនិងជំនាញ ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សុខាសែនជ័យ