ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ភោធទិវាយល់ដឹងពីទន្លេមេគង្គ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ភោធទិវាយល់ដឹងពីទន្លេមេគង្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ 

ក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតីក្នុងការបើកសម្ភោធកម្មវិធីផ្សព្វផ្សាយចំណេះដឹង វប្បធម៌ ជាពិសេសប្រធាន បទថ្ងៃនេះ ជុំវិញទន្លេមេគង្គ (Mekong Discovery Days) ។ ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រី បានជំរុញឱ្យមានការចូលរួមទាំងអស់គ្នាលើការការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យមាននិរន្តរភាព។ 

បើតាម លោករដ្ឋមន្ត្រី កម្ពុជាមានធនធានធម្មជាតិយ៉ាងសំបូរបែប ដែលយើងជាខ្មែរត្រូវចូលរួមផ្សព្វផ្សាយឱ្យពិភពលោកបានដឹង បានយល់ ជាពិសេសអំពីការខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងនិងអង្គការដៃគូលើការវងារនេះ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការសហការល្អ ធ្វើការជាមួយគ្នា ទាំងរដ្ឋ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ គឺចាំបាច់ណាស់ ដើម្បីទទួលបានប្រសិទ្ធភាពការងារខ្ពស់ ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ដើម្បីនិរន្តរភាពធនធានធម្មជាតិរបស់យើង។ 

ទន្ទឹមនឹងនេះដែរលោករដ្ឋមន្ត្រី ក៏បានបង្ហាញពីសុទិដ្ឋិនិយម និងស្វាគមន៍ចំពោះភាពរីកចម្រើន ការកើនឡើងនៃសត្វផ្សោតដែលជារតនសម្បត្តិជាតិ ព្រម ទាំងធនធានជលផលដទៃទៀតនៅកម្ពុជាផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖