ខេត្តក្រចេះ ៖ សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តក្រចេះ សូមបំភ្លឺជូនសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ មានការចុះផ្សាយរបស់សារព័ត៌មាន ឈ្មោះ ពេញ ចិត្ត មេឌា លើករណី លោក សាំង សុខន នាយកដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះ កំពុងបិទភ្នែកឱ្យមានការកាប់បំផ្លាញ និងដឹកជញ្ជូនឈើដោយសេរី។ ការលើកឡើងខាងលើជំរុញឱ្យមានភាពយល់ច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត អាជ្ញាធរមានសមត្ថកិច្ចទាំងស្រុង ព្រោះករណីខាងលើនេះ លោក សាំង សុខន នាយកដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះ បានដឹកនាំមន្ត្រីឧទ្យានុរក្សចុះល្បាត បង្ក្រាបបានករណីដឹកជញ្ជូនឈើអាប្រភេទលេខ២ តាមរយៈគោយន្ត កន្ត្រៃចំនួន ០២គ្រឿង ជនសង្ស័យត្រូវបានទំលាក់វត្ថុតាងជាប្រភេទឈើលេខ២ចោល ហើយរត់គេចខ្លួន បាត់អស់តាំងពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មកម្លេះ។ មន្ត្រីជំនាញក៏បានប្រមូលវត្ថុតាងទាំងអស់ ត្រូវបានយកមករក្សាទុកនៅស្នាក់ការ កំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ។
មន្ទីរបរិស្ថានខេត្តក្រចេះកន្លងមកនេះ បានខិតខំបំពេញការងារយ៉ាងយកចិត្តទុកបំផុតដើម្បីបុព្វហេតុធនធានធម្មជាតិ និងបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។ មិនតែប៉ុណ្ណោះដែនជម្រកសត្វព្រៃព្រៃឡង់បាននឹងកំពុង អនុវត្ត គម្រោងយន្តការ ឥណទានការបូនរួមគ្នា (JCM) ក្រោមការសម្របសម្រួលក្រសួងបរិស្ថានដែលយើងប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលផងដែរ។
ហេតុដូចនេះ មន្ទីរបរិស្ថានខេត្តក្រចេះ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការ ចុះផ្សាយរបស់ព័ត៌មានមិនពិតរបស់សារព័ត៌មាន ពេញចិត្ត មេឌា និងសារព័ត៌មានផ្សេងៗទៀត ដែលជំរុញឱ្យមាន ភាព យល់ច្រឡំ និងធ្វើឱ្យ ប៉ះពាល់ ដល់កិត្តិយសមន្ត្រីនៃមន្ទីរបរិស្ថានខេត្តក្រចេះទាំងស្រុង។ ក្នុងនោះ មន្ទីរបរិស្ថានខេត្តក្រចេះសូមស្វាគមន៍ គ្រប់សារព័ត៌មានទាំងអស់ជួយផ្តល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ ទាន់ពេលវេលា មកមន្ត្រីជំនាញយើងខ្ញុំ ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិដើម្បីជាឧត្តមប្រយោជន៍ជាតិ ៕
ដោយ ៖ សិលា