ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖«ការសម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន របស់ក្រសួងបរិស្ថាន គឺមិនអាចខ្វះបាន ពីការចូលរួមពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាក់ថ្នាក់ ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនបាននោះទេ និងដើម្បីសម្រេចបានភាពជោគជ័យ ជាបន្តបន្ទាប់ទៀត ក្រសួងបរិស្ថាន នៅតែបន្តស្វាគមន៍នូវកិច្ចសហប្រតិបត្តិការ ពីគ្រប់ភាគីពាក់ព័ន្ធ សំដៅធ្វើយ៉ាងណាលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា ដើម្បីជាមោទនភាពកម្ពុជាលើឆាកអន្តរជាតិ។» 

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន»  រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ 

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បន្ថែមថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» រវាងក្រសួងបរិស្ថាន និងក្រុមហ៊ុន JTI បានបង្ហាញឱ្យកាន់តែច្បាស់អំពីការចូលរួមពី  វិស័យឯកជន ក្នុងការលើកកម្ពស់គុណភាពបរិស្ថានកម្ពុជា និងចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឱ្យទទួលបានជោគជ័យបន្ថែមទៀត។

ក្រុមហ៊ុន JTI  ជាក្រុមហ៊ុនឯកជនមួយ ដែបានដកថវិកាចំណេញប្រចាំឆ្នាំរបស់ខ្លួនមួយចំនួន សម្រាប់ជួយសហគមន៍នៅតាមជនបទ ដោយផ្តោតលើគោលដៅចំនួន៣ គឺ៖ ១.កាត់បន្ថយវិសមភាព ២.កិច្ចការពារបរិស្ថាន និង៣.ជួយសហគមន៍នៅក្នុងតំបន់ងាយរងគ្រោះ និងគ្រោះមហន្តរាយ។  ក្នុងឱកាសនេះផងដែរ ក្រុមហ៊ុនបាននាំមកនូវរឺម៉កម៉ូតូកង់បីចំនួន៣៣ គ្រឿង ប្រគល់ជូនក្រសួងបរិស្ថាន សម្រាប់បែងចែកជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមគាំទ្រសកម្មភាពប្រមូល សម្អាតសំរាម សំដៅឱ្យកម្ពុជាមានភាពស្អាត និងស្រស់បំព្រង។

សូមបញ្ជាក់ថា នៅក្នុងគោលដៅយុទ្ធសាស្រ្តទី១ «ភាពស្អាត» របស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានបានដាក់ចេញ នូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួមប្រមាណជាង ៨,៥លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស ដែលបានចូលរួមកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។ នេះជាជោគជ័យមួយដែលលើសពីការរំពឹងទុក។ បច្ចុប្បន្ននេះ ក៏នៅមានសាលារៀន រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន និងវត្តអារាមនានា បានកំពុងចូលរួមនៅក្នុងយុទ្ធនាការនេះជាបន្តបន្ទាប់។ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គឺជាយុទ្ធនាការបំផុសឱ្យ សិស្សានុសិស្ស ប្រជាពលរដ្ឋចេញរើសសំរាម សម្អាតបរិវេណផ្ទះ សាលារៀន វត្តអារាម ទីសាធារណៈ រយៈពេល១៥នាទី នៅរៀងរាល់ថ្ងៃសៅរ៍ ដើម្បីបំផុសផ្នត់គំនិតស្អាត ចលនាធ្វើឱ្យមូលដ្ឋានស្អាត ឱ្យកម្ពុជាស្អាត ទាំងក្នុងប្រទេសនិងស្អាតលើឆាកអន្តរជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖