ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពផ្លោះរបងផ្ទះគេចូលលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពផ្លោះរបងផ្ទះគេចូលលួចម៉ូតូ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ១៥នាទី នៅចំណុចផ្ទះលេខ៥២៤J ផ្លូវបេតុង ក្រុមទី៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉រត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនសង្ស័យដែលកម្លាំងរបស់លោក់ឃាត់ខ្លួននេះ មាន ៖

១-ឈ្មោះ សុខ វណ្ណនី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរគ្មាន មានទីលំនៅមិនពិតប្រាកដ (ឃាត់ខ្លួន មានសារធាតុញៀន) ។

២-ឈ្មោះ ហេង រតនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)។

ចំណែកជនរងគ្រោះ ឈ្មោះ ស៊ាង វួចណេង ភេទស្រី អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៥២៤J ផ្លូវបេតុង ក្រុមទី៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

សម្ភារដកហូតមាន ៖

១- ដែកសរសៃលួសកែច្នៃសម្រាប់ឆ្កឹះសោ០១

២- កូនសោម៉ូតូ០១

៣- សោលេខដប់០១

៤- ខ្ចៅចាប់ផ្លាកលេខម៉ូតូ០២គ្រាប់

៥- មេសោសូឡិច និងកូនសោ០១

៦- ទូរស័ព្ទមួយគ្រឿងម៉ាក VIVO ពណ៌ខៀវ លេខ ០៩៦៩៤៤៤១០២

៧- ម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង ១AI-១៣៤៤ លេខតួ+លេខម៉ាស៊ីន ១៩៩៨២៦ ។

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃកើតហេតុ ជនសង្ស័យមានគ្នាពីរនាក់ ជិះម៉ូតូមួយគ្រឿង ចេញពីម្ដុំផ្លូវរថភ្លើងចាស់ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ លុះជិះមកដល់ចំណុចកើតហេតុ បានឃើញទ្វាររបងផ្ទះជួលរបស់ជនរងគ្រោះចំហនិងជាឱកាសល្អ ជនសង្ស័យឈ្មោះ សុខ វណ្ណនី បានចូលទៅក្នុងរបងផ្ទះរបស់ជនរងគ្រោះ ដើម្បីធ្វើសកម្មភាពលួចម៉ូតូ តែត្រូវអ្នកជួលផ្ទះ និងម្ចាស់ផ្ទះជួលឃើញទាន់បានប្តឹងទៅសមត្ថកិច្ច ភ្លាមៗនោះកម្លាំងល្បាតប៉ុស្តិ៍ឫស្សីកែវ បានចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមនឹងវត្ថុតាងខាងលើ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរយកចម្លើយ និងទទួលបណ្ដឹងពីជនរងគ្រោះឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។

ចំពោះមុខ ផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍បាននិងកំពុងធ្វើការសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖