ភ្នំពេញ ៖ យោងតាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងភាគីពាក់ព័ន្ធទាំងអស់ បន្តកិច្ចសហការគាំទ្រដល់ការដឹកនាំនិងសម្របសម្រួលរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញវិស័យនេះឱ្យក្លាយទៅជាខឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ។
ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែង នូវក្តីសោមនស្សក្រៃលែង និងសូមចូលរួមអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ឆ្នាំ២០២៤» ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ។ មហាសន្និបាត អង្គការសហប្រជាជាតិ បានបង្កើតទិវា សហគ្រាសធុនមីក្រូ តូច និងមធ្យម ហៅកាត់ MSMEs Day ដោយកំណត់យកថ្ងៃទី២៧ នៃខែមិថុនា ជារៀង រាល់ឆ្នាំ ដើម្បីរួមចំណែកសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ និងធានាបាននូវ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយបរិយាបន្ន និងនិរន្តភាព។
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ លេខ១៥ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កំណត់យកថ្ងៃទី២៧ ខែមិថុនា រៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើក កម្ពស់និងផ្តល់តម្លៃដល់វិស័យនេះ ដែលជាមូលដ្ឋានគ្រឹះ និងកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។ វិស័យនេះ គ្របដណ្ដប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ និងផ្ដល់នូវអត្ថប្រយោជន៍ជូនប្រជាជន និងធុរជនគ្រប់រូប តាមរយៈការបង្កើតការងារ មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយប្រជាជនងាយរងគ្រោះ ឱ្យមានលំនឹងជីវភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។
សម្ដេចធិបតីបន្ថែមថា ទោះបីបាននិងកំពុងប្រឈមក្នុង បរិការណ៍នៃការប្រកួតប្រជែងនៃការធ្វើពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌតំបន់និងសកល ក៏ដូចជាភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិត ការផ្គត់ផ្គង់ និងការផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍ និងវិវត្តខ្លួន ឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេស គឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យា៕
ដោយ ៖ សិលា