ព័ត៌មានទាន់ហេតុការណ៍៖

សូមស្វាគមន៍ ! ខណៈក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន BYD គ្រោងដាក់ទុនផលិតនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាស៍ថា ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន BYD គ្រោងដាក់ទុនផលិតនៅកម្ពុជា។ 

ក្នុងឱកាសអញ្ជើញជាអធិបតី អំឡុងពិធីអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ថ្ងៃទី២៧ មិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បានបន្ថែមថា រាជរដ្ឋាភិបាលបាន និងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ បំផុតទៅលើសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលអាទិភាពមួយក្នុងចំណោមអាទិភាព ទាំងប្រាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខណៈបច្ចុប្បន្ននេះ កម្ពុជា មានសហគ្រាសធុនមីក្រូតូច និងមធ្យមប្រមាណ៩០ ភាគរយ លើមូលដ្ឋានផលិតកម្មអាជីវកម្មសរុប និងបានផ្តល់ការងារពី៦០ភាគរយ ទៅ៧០ភាគរយ និងបានរួមចំណែកយ៉ាងសំខាន់នៅលើផលិតផលក្នុងស្រុក ។

ក្រុមហ៊ុន BYD Auto Industry ធ្លាប់បានបង្ហាញនូវផែនការក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅកម្ពុជា ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ឯកភាពជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការស្វែងរកទីតាំងសម្រាប់ដំឡើង។ បន្ថែមពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពឱ្យមានការចុះ MoU ជាមួយក្រុមហ៊ុន BYD ក្នុងការបណ្ដុះបណ្ដាលមន្ត្រី ក៏ដូចជានិស្សិតកម្ពុជាឱ្យទៅសិក្សាវគ្គសិក្សាខ្លីៗនៅក្រុមហ៊ុន BYD ឬនៅកម្ពុជាផ្ទាល់ ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជានៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន ក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់ការអនុគ្រោះជាច្រើន ពិសេសក្នុងអំឡុងពេលកំពុងតែជួបការលំបាកនេះ ប៉ុន្ដែខ្ញុំសូមឲ្យវិស័យឯកជន កុំឲ្យមានផ្នត់គំនិតថា ត្រូវតែរដ្ឋផ្ដល់ការអនុគ្រោះរហូត ប្រសិនបើនៅតែបន្ដពឹងផ្អែក លើការអនុគ្រោះពីរដ្ឋរហូតនោះ នឹងមិនមានការរីកចម្រើននោះឡើយ»។

សម្ដេចធិបតីបានបន្ដថា កម្ពុជានឹងក្លាយជាប្រទេសអ្នកមានក្នុងឆ្នាំ២០៥០ ដូច្នេះមុននឹងក្លាយជាប្រទេសអ្នកមាន យើងត្រូវតែធ្វើដំណើរចាកចេញពី ប្រទេសក្រីក្រក្នុងឆ្នាំ២០២៩ នៅពេលយើងចេញពីប្រទេសអភិវឌ្ឍន៍តិច គេនឹងដកគោលការណ៍អនុគ្រោះមួយចំនួន នាំចេញទំនិញទៅប្រទេសមួយចំនួន នឹងលែងទទួលបានការអនុគ្រោះ, ប្រទេសមួយចំនួននឹងឈប់ផ្ដល់កម្ចីដល់កម្ពុជា ដូច្នេះដើម្បីក្លាយខ្លួនជាប្រទេសអ្នកមានត្រូវតែរឹងមាំ មិនអាចផ្ដេចផ្ដួលលើការអនុគ្រោះ ពីបណ្ដាប្រទេសមួយចំនួនរហូតឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «នេះជាកិច្ចការសំខាន់ហើយខ្ញុំគិតថា វិស័យឯកជនត្រូវតែខិតខំប្រឹងប្រែង រដ្ឋាភិបាលនឹងជួយផ្ដល់ឲ្យ ប៉ុន្ដែខ្ញុំសូមអំពាវនាវឲ្យវិស័យឯកជន ត្រូវខិតខំពង្រឹងខ្លួនឯង ដើម្បីក្លាយជាតួអង្គកាន់តែច្រើន រីកកាន់តែធំមានលំនឹង សូម្បីតែសហគ្រាសធុនតូច និងមធ្យម នៅថ្ងៃក្រោយក៏មានការពង្រឹងខ្លួនច្បាស់លាស់ ទើបធ្វើឲ្យវិស័យឯកជនរឹងមាំ សេដ្ឋកិច្ចរឹងមាំ»៕

ដោយ ៖ សិលា


ចែករំលែក៖