ភ្នំពេញ ៖ បុរសម្នាក់ មានបញ្ហាផ្លូវចិត្ត ក្រុមគ្រួសារព្យាយាមនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ ជាច្រើនលើកច្រើនសារ តែមិនធូរស្រាល តូចចិត្តនឹងវាសនាដើរចេញពីផ្ទះទៅចង.កសម្លាប់ខ្លួននៅលើដើមស្វាយ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបុរីឈូកវ៉ា២ ភូមិតឹក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ នូ ពីឡង់ អាយុ៤៤ឆ្នាំ មានជំងឺផ្លូវចិត្ត មានប្រពន្ធ និងកូនប្រុស២នាក់ មានទីលំនៅផ្ទះលេខ៣៦ ក្នុងភូមិ សង្កាត់កើតហេតុ មានស្រុកកំណើតភូមិថ្មី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ។
បើតាមក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះមានជំងឺផ្លូវចិត្ត ហើយធ្លាប់នាំទៅព្យាបាលនៅមន្ទីរពេទ្យច្រើនលើកមកហើយ តែពុំបានធូរស្រាល ស្រាប់តែនៅវេលាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមគ្រួសារភ្ញាក់ពីដំណេក បាត់មិនឃើញជនរងគ្រោះ បែរជាបងប្អូនប្រជាពលរដ្ឋផ្អើលឆោរឡោ ប្រទះឃើញសពបុរសម្នាក់ចង.កសម្លាប់ខ្លួន ទើបនាំគ្នារត់ទៅមើល ប្រទះឃើញចង.កនឹងដើមស្វាយ ចំហៀងផ្ទះគេស្លាប់បាត់ ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ គ្រូពេទ្យចុះទៅពិនិត្យធ្វើកោសល្យវិច័យ ឃើញថា ពិតជាចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ