ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅឃុំត្រពាំងស្ដៅ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក សៅ សុខា អនុប្រធាន ក្រុមការងារ គណបក្សប្រជាជនចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារ គណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញ ជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ស្ថិតនៅឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោកប្រធានគណបក្សឃុំ សមាជិកក្រុមការងារនិងអស់លោក លោកស្រី សមាជិកសមាជិកា បក្ស ចំនួន ៨៦៥នាក់ (ស្រី២៧៦នាក់) ។ 

លោក សៅ សុខា អនុប្រធាន ក្រុមការងារ គណបក្សប្រជាជនចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារ គណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក បានអានសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃកម្ពុជា បញ្ជាក់ថា ៖ ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ ឆ្នាំមកនេះ បានអនុញ្ញាត ឱ្យយើងប្រមូលផ្តុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូល ខ្ពស់ នៅឆ្នាំ ២០៥០។

បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន។ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ ប្រជាជនយើងបន្តសម្រេចបានសមិទ្ធផល ធំៗថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គមជាតិ ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃ សភាពការណ៍អន្តរជាតិ ព្រមទាំងត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង បញ្ហាប្រឈមផ្សេងៗទៀតជាច្រើនក្តី។ ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់ ថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

លោក បានបញ្ជាក់ទៀតថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ ២០២៣ បានអនុញ្ញាតឱ្យគណបក្សអនុវត្តនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការប្រគល់ភារកិច្ច ដឹកនាំប្រទេសជាតិដល់ជួរអ្នកបន្តវេនវ័យក្មេង ដែលត្រូវបានបណ្តុះបណ្តាល និងត្រៀម លក្ខណសម្បត្តិយ៉ាងម៉ត់ចត់។ កិច្ចការនេះបានប្រព្រឹត្តទៅដោយរលូនក្នុងស្មារតីរក្សាដាច់ ខាតនូវនិរន្តរភាពជាតិ និងដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ មកដល់ពេល នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពជោគជ័យ។ ជាក់ស្តែង សន្តិភាព និងស្ថិរភាពនយោបាយត្រូវបានការពារយ៉ាងរឹងមាំ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចបន្តមានកំណើន, សង្គមមានស្ថិរភាព ព្រមជាមួយនោះ កិត្យានុភាពជាតិក៏កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ។

ឆ្លងតាមការពិតជាក់ស្តែងទាំង អស់នេះ បានឆ្លុះបញ្ចាំងច្បាស់នូវការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេន។

ការប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នូវការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣, ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងឆ្នាំ ២០២៤នេះ បានបង្ហាញពីភាពចាស់ទុំ និងការបោះជំហានយ៉ាងរឹងមាំនៃលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា ដែលផ្ទុយស្រឡះពីអតីតកាលដែលភាគីខ្មែរបដិបក្សតែងតែប្រើប្រាស់អាវុធដើម្បីប្រឆាំងដណ្តើមអំណាចគ្នា។ ព្រមជាមួយនោះ តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់ គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតទាំងអស់នេះ ក៏កាន់តែបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតទៅមុខទៀត ហើយបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពប្រទូសរ៉ាយរបស់ពួកប្រឆាំងជ្រុលនិយម មួយក្តាប់តូច ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ បង្កភាពវឹកវរក្នុងសង្គម សំដៅឈានទៅបំផុសបដិវត្តន៍ពណ៌សាជាថ្មីទៀត ៕

ដោយ៖ សុថាន


ចែករំលែក៖