ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតីនាយករដ្ឋមន្ត្រី ៖​ រាជរដ្ឋាភិបាលអាណតិ្តទី៧ បានដាក់គោលដៅអាទិភាព គឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធ​ភាព, និងចីរភាព ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៥

ចែករំលែក៖

ភ្នំពេញ​៖​ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណតិ្តទី៧ បានដាក់គោលដៅអាទិភាព គឺ កំណើន, ការងារ, សមធម៌, ប្រសិទ្ធ​ភាព, និងចីរភាព ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៥ សម្រាប់ការអភិវឌ្ឍ ដោយក្នុងនោះ មានគោលដៅយុទ្ធសាស្ត្រ​ ទី២ គឺសំដៅលើការលើកកម្ពស់វិស័យឯកជន ដោយផ្តល់ការយកចិត្តទុកដាក់ដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ដែលជាកាតព្វកិច្ចកំណត់ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយក្នុងនេះ វិស័យឯកជនបានដើរតួរនាទីស្នូលក្នុងផ្នែកផលិតកម្ម និងសេវាកម្មជូនដល់តម្រូវការរបស់ប្រជាពលរដ្ឋ  ហើយសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ ផងដែរ ។ 

ក្នុងន័យនេះ រាជរដ្ឋាភិបាល អាណតិ្តទី៧ បន្តគាំទ្រ និងពង្រឹងវិស័យឯកជន ដោយធានារក្សាបាននូវស្ថិរភាពនៃកត្តាសុខសន្តិភាព សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគាំទ្រតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា លិខិតបទដ្ឋានគតិយុត្ត និងការវិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាដើម ។ល។ ហើយ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ ជាពិសេស លើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគដូចជា ការធ្វើសាមញ្ញកម្មនីតិវិធី, ការកាត់បន្ថយបន្ទុកអនុលោមភាព និងចំណាយដែលមិនចាំបាច់, ការបង្កើនប្រសិទ្ធភាពរដ្ឋបាល, និងការលើកកម្ពស់ភាពទាក់ទាញនៃក្របខ័ណ្ឌការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈការបង្កើតក្រមនីតិវិធីប្រតិបត្តិ (SOP), ការធ្វើឌីជីថលូបនីយកម្មនីតិវិធីរដ្ឋបាល, និងការដាក់ចេញនូវយន្តការជាក់លាក់សម្រាប់ការតាមដាន, ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ។  យ៉ាងណាម៉ិញ វិស័យឯកជន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកខ្លួន ជាពិសេស លើផ្នែកអភិបាលកិច្ច និងចូលរួមជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍរីកចម្រើនជូនប្រទេសជាតិ និងប្រជាជន ។ 

ជាចុងក្រោយជាមួយការអបអរសាទរនូវការប្រារព្ធ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម លើកទី១ ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលបានខិតខំជំរុញកិច្ចសហការឱ្យកាន់តែបុរេសកម្ម និង រស់រវើក ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអភិវឌ្ឍ និងវឌ្ឍនភាពនៃវិស័យសហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្មនៅកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី បានអរគុណចំពោះក្រសួងឧស្សាហកម្ម    វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំអនុវត្តយ៉ាងសកម្មនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខដុមនីយកម្មរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន តាមរយៈសកម្មភាពការងារទាំងឡាយ គួរឱ្យកត់សម្គាល់ ។

សូមបញ្ជាក់ផងដែរថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម ក្រោមប្រធានបទ «ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និង មធ្យម ដើម្បីកំណើនកាន់តែប្រសើរ (Better MSMEs Ecosystem for Better Growth)»  ដែលត្រូវបានសហការរៀបចំដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម កម្ពុជា(FASMEC) និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម នៅកម្ពុជា ក្នុងគោលបំណងអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និង មធ្យម លើកទី១ ឆ្នាំ២០២៤ និងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងផលិតករក្នុងស្រុកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។  កម្មវិធីសំណេះសំណាលនេះ មានការចូលរួមពីតំណាងម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ប្រមាណជិត ៥.០០០ នាក់ មកពីបណ្តារាជធានី-ខេត្តទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលភាគច្រើនជាសហគ្រាសកម្មន្តសាល​​ស្បៀង និងម្ហូបអាហារ នៃសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីជាផ្លូវការចំនួន ៤៤.៥៥០ មូលដ្ឋាន ៕

ដោយ​៖ តារា​


ចែករំលែក៖