ព័ត៌មានទាន់ហេតុការណ៍៖

មហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រីផ្តល់អំណោយ៨.៤លានផោនដល់ក្រុមហ្សកហ្ស៊ី

ចែករំលែក៖

លោក Bidzina Ivanishvili អតីតនាយករដ្ឋមន្ត្រីនៃហ្សកហ្ស៊ីបានសន្យាផ្តល់ប្រាក់ចំនួន ៨.៤លានផោន ឬប្រមាណ១០.៦០លានដុល្លារដល់ក្រុមបាល់ទាត់របស់ប្រទេសបន្ទាប់ពីពួកគេបានផ្តួលក្រុមព័រទុយហ្គាល់នៅ Euro 2024 ។

ហ្សកហ្ស៊ីដែលគ្រប់គ្រងដោយអតីតខ្សែការពារសញ្ជាតិបារាំងលោក Willy Sagnol បានយកឈ្នះព័រទុយហ្គាល់ក្នុងលទ្ធផល ២-០ ក្នុងទីក្រុង Gelsenkirchen កាលពីថ្ងៃពុធ ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ ដែលពួកគេនឹងត្រូវជួបជាមួយក្រុមអេស្ប៉ាញ។

លោក Ivanishvili ដែលបានបង្កើតគណបក្សនយោបាយ Georgian Dream ដែលកំពុងកាន់អំណាច  និងបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសក្នុងឆ្នាំ២០១២បាននិយាយថា ការឈ្នះប្រឆាំងនឹងព័រទុយហ្គាល់គឺជា “ជ័យជម្នះជាប្រវត្តិសាស្ត្រ និងជាក្តីសុបិន” ។

បុរសវ័យ៦៨ឆ្នាំរូបនេះបាននិយាយថា គាត់នឹងបរិច្ចាគប្រាក់៨.៤លានផោនបន្ថែមទៀត  ដល់ក្រុមនិងបុគ្គលិកគ្រូបង្វឹកប្រសិនបើពួកគេក៏យកឈ្នះអេស្ប៉ាញផងដែរ។

លោក Ivanishvili កើតនៅហ្សកហ្ស៊ី ហើយបានបង្កើតទ្រព្យសម្បត្តិរបស់គាត់នៅក្នុងប្រទេសរុស្ស៊ីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ជាមួយនឹងការវិនិយោគលើវិស័យធនាគារ កុំព្យូទ័រ និងលោហៈធាតុ។

ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានប៉ាន់ស្មានដោយទស្សនាវដ្តី Forbes ប្រហែល៣.៨៧ពាន់លានផោន ហើយគណបក្ស Georgian Dream អះអាងថា ការបរិច្ចាគនឹងមកពីមូលនិធិសប្បុរសធម៌របស់លោក Ivanishvili ។

ទោះបីជាបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ពីបានធ្វើការត្រឹមតែ១២ខែក៏ដោយលោក Ivanishvili នៅតែមានឥទ្ធិពលនៅក្នុងគណបក្សកាន់អំណាចរបស់ប្រទេសនេះក្នុងនាមជាប្រធានកិត្តិយសរបស់ខ្លួន។

កាលពីខែមេសា កីឡាករជាច្រើនមកពីក្រុមបាល់ទាត់អឺរ៉ូ២០២៤របស់ហ្សកហ្ស៊ីបាននិយាយប្រឆាំងនឹងគណបក្ស Georgian Dream បន្ទាប់ពីការប្រកាសច្បាប់ស្តីពីភ្នាក់ងារបរទេស។

ច្បាប់ដែលត្រូវបានអនុម័តនៅក្នុងសភាកាលពីខែមិថុនា បានបង្កឱ្យមានការតវ៉ាដ៏ធំបំផុតមួយចំនួនដែលបានឃើញនៅក្នុងរដ្ឋហ្សកហ្ស៊ី ចាប់តាំងពីប្រទេសនេះបានប្រកាសឯករាជ្យរបស់ខ្លួនក្នុងឆ្នាំ 1991 ខណៈដែលអ្នករិះគន់បាននិយាយថា ច្បាប់នេះបានគំរាមកំហែងដល់សេរីភាពស៊ីវិលរបស់ពួកគេ។

ហ្សកហ្ស៊ី ដែលកំពុងប្រកួតក្នុងការប្រកួតជើងឯកអឺរ៉ុបជាលើកដំបូងត្រូវជួបជាមួយនឹងក្រុមអេស្ប៉ាញក្នុងទីក្រុង Cologne នៅថ្ងៃអាទិត្យខាងមុខនេះ ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖