ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំសម្ព័ន្ធសហជីពជាតិ ៖ របាយការណ៍របស់សង់ត្រាល់ គឺមិនមានប្រភព នឹងភស្តុតាងច្បាស់លាស់

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងរបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅថា សង់ត្រាល់) កាលពីពេលកន្លងទៅ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ថា របាយការណ៍របស់សង់ត្រាល់ គឺមិនមានប្រភព នឹងភស្តុតាងច្បាស់លាស់ត្រង់ចំណុចថា តំណាងសហជីពមកពីកន្លែងការងារចំនួន ១០ ក្នុងចំណោម ១៤ បានរាយការណ៍ថា ពួកគេបានជួបការរារាំង ឧបសគ្គក្នុងការអនុវត្តសិទ្ធិសេរី ភាពរបស់ពួកគេ (សេរីភាពភាពសហជីពសមាគម FOA) ថែមទាំងមានការបំភិតបំភ័យផ្ទាល់មាត់ ការគំរាមកំហែង ការយាយី និងការដាក់ក្នុងបញ្ជីខ្មៅ ដែលជាហេតុធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសមត្ថភាពរបស់ពួកគេក្នុងការបំពេញមុខងាររបស់ខ្លួន។

បើយោងតាមច្បាប់ សហជីពបុគ្គល ឬសហជីពដែលទទួលរងនូវការគំរាមកំហែង ការយាយី ការរារាំងមិនឲ្យ អនុវត្តសិទ្ធិរបស់ខ្លួនមានសិទ្ធិប្តឹងទៅក្រសួងការងារ ឬតុលាការបាន ប៉ុន្តែមកទល់នឹងពេលនេះ ក្រសួងការងារមិន ដែលទទួលពាក្យបណ្ដឹងពីសហជីពណាមួយឡើយចំពោះបញ្ហាខាងលើ នេះសរបញ្ជាក់ឲ្យឃើញថា របាយការណ៍ របស់ CENTRAL មិនមានភស្តុតាង និងប្រភពច្បាស់លាស់ លើសពីនេះទៅទៀត ពួកគាត់អាចប្តឹងករណីនេះទៅតុល ការបានពីបទព្រហ្មទណ្ឌ ។

មួយវិញទៀតប្រសិនបើមានបណ្ដឹងពិតមែន ហើយក្រសួងមិនដោះស្រាយជូនសហជីព CENTRAL គួរតែ លើកយកបញ្ហានេះមកសួរនាំក្រសួងការងារ ហើយបើក្រសួងការងារមិនបានដោះស្រាយទើបគាត់អាចយកទៅចុះ ផ្សាយបាន ។ ប៉ុន្តែ CENTRAL ចុះផ្សាយដោយមិនមានមូលដ្ឋានច្បាប់ ច្បាស់លាស់ដែលធ្វើឲ្យសហគមជាតិ និង អន្តរជាតិយល់ច្រឡំមកលើរដ្ឋាភិបាល និងស្ថេរភាពនៅកម្ពុជា ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់បរិយាកាសវិនិយោគ ដោយសារតែការចុះផ្សាយមិនមានប្រភព និងមិនមានភស្តុតាងត្រឹមត្រូវគឺជាការបង្កាច់បង្អួច ។

ការដែល CENTRAL បង្កើតរបាយការណ៍ដោយមិនមានប្រភពច្បាស់លាស់ នឹងមិនមានភស្តុតាងគឺធ្វើឲ្យ ប៉ះពាល់ដល់ភាពស្អាតស្អំ នឹងសេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ដើម្បីផលប្រយោជន៍របស់បុគ្គល ឬប្រទេសណាមួយ នឹងរារាំងអ្នកវិនិយោគមិនឲ្យមកវិនិយោគនៅកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ការងាររបស់កម្មករ និយោជិតនៅកម្ពុជា យ៉ាងធ្ងន់ធ្ងរ ។

យើងខ្ញុំសូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការ បង្កើតសមាគម និងអង្គការ ដោយត្រូវបានការពារដោយច្បាប់កម្ពុជា យោងតាមមាត្រា៣៦ នៃ រដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា ចែងថា – ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបង្កើតសហជីព និងចូលជាសមាជិកសហជីពនេះ»។

ហេតុដូច្នេះ កម្ពុជាបានបង្កើតច្បាប់ស្តីពីសហជីពនៅឆ្នាំ ២០១៦ ដែលបានផ្តល់សិទ្ធដល់និយោជក និង និយោជិតក្នុងការបង្កើតសហជីព និងសមាគម ដើម្បីឱ្យសម្លេង និងមតិរបស់កម្មករ និយោជិត ត្រូវបានដឹងលឺជា សាធារណៈ កម្មករជាច្រើនបានប្រមូលផ្តុំគ្នានៅក្រោមស្ថាប័នពិសេសមួយហៅថា “សហជីព” ។

តួនាទីរបស់ស្ថាប័ននេះគឺជួយសម្រួល ចរចា និងផ្តល់ជាសំលេងដល់ក្រុមណាមួយដែលពួកគេតំណាងឲ្យ ដើម្បីឆ្លើយតបទៅកាន់ក្រុមដ៏ទៃទៀតក្នុងសង្គមដូចជា រដ្ឋាភិបាល និយោជកផងដែរ ។

បន្ទាប់ពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សហជីព បានចាក់ឫសយ៉ាងរឹងមាំ និងមានប្រសិទ្ធភាពនៅកម្ពុជាដោយតម្លាភាព ហើយចាប់តាំងពីឆ្នាំ ១៩៩៦ រាជរដ្ឋាភិបាល កម្ពុជាបានអនុញ្ញាតឲ្យបង្កើតសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលហៅកាត់ថា (FTUWKC) និង សហព័ន្ធសហជីពកម្ពុជា ដែលហៅកាត់ថា (CUF) ។

សេរីភាពសហជីពបាននឹងកំពុងអនុវត្តពេញលេញក្នុងប្រទេសកម្ពុជា ទាំងក្នុងវិស័យវាយនភណ្ឌ និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើភស្តុតាង និងលទ្ធផលការងារសហជីពបច្ចុប្បន្ន យើងខ្ញុំបានពិនិត្យឃើញថា មាន អង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីកាសរុបចំនួន ៦២៧២ គឺគិតត្រឹម ឆ្នាំ២០២៣ នេះក្នុងនោះរួមមាន៖

-សហជីពមូលដ្ឋានមានចំនួន៖ ៥៩៣៨

-សហព័ន្ធសហជីពមានចំនួន៖ ២៨០

-សហភាពសហជីពមានចំនួន៖ ៤២ និងសមាគមនិយោជកមានចំនួន ១២ ។

យើងខ្ញុំស្នើសុំឱ្យ CENTRAL ធ្វើការពិនិត្យឡើងវិញអំពីរបាយការណ៍របស់ខ្លួន ដោយត្រូវមានមូលដ្ឋាន និង ភស្តុតាងច្បាស់លាស់មុននិងចុះផ្សាយ និងទទូចស្នើសុំកែតម្រូវឲ្យស្របតាមច្បាប់ ដើម្បីឲ្យមានតម្លាភាព និងសច្ចៈ ភាពអំពីកម្ពុជា ។ ហើយយើងខ្ញុំស្នើឱ្យអ្នកបញ្ជាទិញអន្តរជាតិ និងសាធារណជន ជាតិ អន្តរជាតិ បដិសេធនូវព័ត៌មាន មិនពិតដែលចេញដោយ CENTRAL ពីព្រោះ របាយការណ៍របស់ CENTRAL ហាក់បីដូចជាវាយប្រហារដោយ ប្រយោល ទៅលើរបាយការណ៍របស់ ILO-BFC ដែលជាស្ថាប័នមួយធ្វើការលើវិស័យការងារជាមួយ កម្មករ និយោជិត និងសហជីព ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាលជាច្រើនឆ្នាំ ដល់មេដឹកនាំសហជីពកន្លងមក ។

មួយវិញទៀត យើងខ្ញុំសូមបញ្ជាក់ថា មិនមានប្រទេសណាអនុវត្តបានល្អឥតខ្ចោះនោះទេ ទោះបីជាក្នុង ប្រទេសអភិវឌ្ឍក៏ដោយ ដូចនេះសហជីពគាំទ្រការសិក្សាស្រាវជ្រាវដែលមានវិជ្ជាជីវៈ និងមានមូលដ្ឋានច្បាស់លាស់ ប្រសិនបើការស្រាវជ្រាវ ឬការចុះផ្សាយដោយបំភ្លៃ គឺធ្វើឱ្យខូចប្រយោជន៍កម្មករនិយោជិត និងបរិយាកាសវិនិយោគ។

ជាចុងក្រោយ យើងខ្ញុំសូមអំពាវនាវដល់ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ មេត្តា ពិនិត្យឡើងវិញរាល់សកម្មភាព និងរបាយការណ៍ស្តីពី FoA របស់អង្គការមួយនេះ និងចាត់វិធានការតាមផ្លូវច្បាប់ ។

សម្ព័ន្ធសហជីពជាតិប្រឆាំងដាច់ខាត រាល់សកម្មភាពទាំងឡាយណាដែលបំផ្លាញផលប្រយោជន៍របស់កម្មករ និយោជិត ៕

ដោយ ៖ សិលា


ចែករំលែក៖