ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២នាក់ករណី ផ្ទុះអាវុធនៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម ២នាក់ករណី ផ្ទុះអាវុធនៅស្រុកចន្ទ្រា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣៥ នាទី យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចលើផ្លូវខាងកើតកាស៊ីណូ៦៧ ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុក បានអោយដឹងថាជនសង្ស័យមានឈ្មោះ ចឹង កុងហ្វី  អាយុ ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ ហាគិញ ខណ្ឌ ឡេជិន ទីក្រុងហាយផុង ប្រទេសវៀតណាម និងឈ្មោះ ផាម វ៉ាន់ទុង អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ កាត់ប៊ី ខណ្ឌ ហាងអាន ទីក្រុង ហាយផុង ប្រទេសវៀតណាម។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង  បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា : ខ្លួនពិតជាបានធ្វើសកម្មភាពបាញ់កាំភ្លើងចំនួន០២គ្រាប់ ពិតប្រាកដមែន ។

បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ជនសង្ស័យទាំង២នាក់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដើម្បីចាត់ការតាមច្បាប់ ៕

ដោយ៖ សុថាន

 


ចែករំលែក៖