ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ហ៊ុន ម៉ានី ៖ ខ្ញុំពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ មានប្រសាសន៍ថា ៖ ខ្ញុំពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យ កោសល្យ វោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាពនាថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។ 

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តថា ៖ មរណភាពរបស់ព្រឹទ្ធាចារ្យ កោសល្យ វោហារ គង់ ណៃ គឺជាបាត់បង់នូវស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រណី ក៏ដូចជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃនៃវប្បធម៌ជាតិខ្មែរ និងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរក្សាការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកសា្នដៃគួរកោតសសើរ និងចងចាំសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ជារៀងរហូតមក។

ជាមួយនឹងអារម្មណ៍ដ៏អាឡោះអាល័យបំផុតនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់ព្រឹទ្ធាចារ្យ និងសូមឧទ្ទិសបួងសួងគុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យកោសល្យ វោហារ គង់ ណៃបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

យើងខ្ញុំទាំងអស់គ្នាពិតជានៅចងចាំនូវស្នាដៃដែលលោកគ្រូព្រឹទ្ធាចារ្យបានបន្សល់ទុកជារៀងរហូត ៕

ដោយ ៖ សិលា


ចែករំលែក៖