ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសសមាជិករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន៥៣០នាក់ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ពិធីប្រកាស សាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព ២១ និងភ.ព ២២ គឺចំពេលដែលគណបក្សប្រជាជនកម្ពុជា យើង បានប្រារព្វពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដើម្បីប្រជាជន។ គណបក្សប្រជាជនកម្ពុជាមានប្រវត្តិស្នាដៃយ៉ាងច្រើនសម្រាប់ជាតិ មាតុភូមិ ដោយបានរំដោះជាតិ សង្រោះជីវិតប្រជាពលរដ្ឋអោយរួចផុតពីសេចក្តីស្លាប់ក្នុងរបបប៉ុល ពត និងការរាតត្បាតពីជំងឺកូវីដ-១៩ បានអភិវឌ្ឍន៍ប្រទេសជាតិអោយមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ជាមួយនឹងការរក្សាបាននូវសុខ សន្តិភាពពេញលើផ្ទៃប្រទេស។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ សម្តេចតេជោ ហ៊ុន សែន លើកលែងទោសអោយគ្រប់គណបក្សផ្សេងៗទាំងអស់ ទោះបីកន្លងមកធ្លាប់ជេរ ប្រមាថសម្តេចយ៉ាង ណាក៏ដោយ តែសម្តេចពិតជាមិនអាច លើកលែង ទោសជាដាច់ខាត ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ឡើយ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំប្រកបដោយចំណេះដឹងដ៏ខ្ពង់ខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន ដែលនឹងអាចអភិវឌ្ឍន៍ប្រទេស អោយសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីអោយកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។
ឯកឧត្ដម ឃួង ស្រេង ក៏បានសូមអោយគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ អោយក្លាយជាចលនាឯកភាពជាតិតែមួយ ដោយគម្រោង “ព្រែកជីកហ្វូណនតេជោ” មិនមែនជាទ្រព្យសម្បត្តិរបស់ នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិនិងប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ។”ព្រែកជីកហ្វូណនតេជោ”ជាទ្រព្យសម្បត្តិមហាសាលសំរាប់កម្ពុជា ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ សម្រាប់ សមាជិក សមាជិកាបក្សក៏ដូចប្រជាពលរដ្ឋទាំងអស់ បើខ្វះស្បៀងអាចទៅរកបាននៅទីស្នាក់ការបក្ស ខណ្ឌ សង្កាត់ ដោយគណបក្សប្រជាជនកម្ពុជាមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់អាហារនោះទេ ។
សូមបញ្ជាក់ថា៖ ពិធីប្រកាសសាខាគណបក្ស និងបញ្ចូលសមាជិកគណបក្ស ភ.ព២១ និងភ.ព២២ ខាងលើនេះ មានចំនួន៥៣០រូប ដែលមានទាំងសមាជិកថ្មីនិងសមាជិកចាស់ ដែលបានសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រ ជាជននៅពេលនេះ៕
ដោយ ៖ សំរិត