ព័ត៌មានទាន់ហេតុការណ៍៖

ប្រើកាំបិតបុ័ងតោកាប់បុរសម្នាក់ចំក្បាលនិងកាប់ដាច់សរសៃ.កដៃឆ្វេងរបួសធ្ងន់​ រួចគេចខ្លួនបាត់មួយរយៈ​ក៏ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា​ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ​ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសក្បាលចំហៀងស្ដាំនិងកាប់ដាច់សរសៃ.កដៃឆ្វេងរបួសធ្ងន់)។ 

ប្រភពដដែលបន្តថា​ ជនសង្ស័យខាងលើនេះ​ បានធ្វេីសកម្មភាព​ប្រើកាំបិតបុ័ងតោកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសក្បាលចំហៀងខាងស្ដាំនិងកាប់ដាច់សរសៃ.កដៃឆ្វេងរបួសធ្ងន់​ នៅចំណុចផ្ទះលេខ០៦១ ផ្លូវបេតុង ក្រុម២ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខហាងម៉ាស្សាយីហោ៥៥៥៥ មានទីតាំងផ្ទះលេខ៦ ផ្លូវលេខ៦១៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២១:៥០នាទីយប់ ។ 

ជនសង្ស័យឈ្មោះ មាន សុខសាន្ត ហៅ បញ្ញា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សារពត៌មាន ស្នាក់នៅផ្ទះលេខ០៦១ ផ្លូវបេតុង ក្រុម២ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

ចំណែក​ជនរងគ្រោះឈ្មោះ ទេព កុសល់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨ ផ្លូវលេខ៦១៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  របួសក្បាលចំហៀងខាងឆ្វេង និងដាច់សរសៃ.កដៃឆ្វេងរបួសធ្ងន់ ។

    បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖