ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតរំលែកមរណទុក្ខ ផ្ញើជូន លោកស្រី គាត់ ឆេន ព្រមទាំងក្រុមគ្រួសារ របស់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតរំលែកមរណទុក្ខ

ផ្ញើជូន លោកស្រី គាត់ ឆេន ព្រមទាំងក្រុមគ្រួសារ

លោកស្រី ជាទីរាប់អាន!

ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹង ថាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វរៈសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា ដែលជាស្វាមី របស់ លោកស្រី លោកបានទទួលមរណភាព នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា តាទួត ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រាបុត្រី ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយទាំងអស់ ពិសេស គឺជាការបាត់បង់នូវធនធានមនុស្សដ៏ល្អឆ្នើមមួយរូប ដែលជា “មរតកមនុស្សរស់ចាប៉ីដងវែង” របស់កម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សង្គមជាតិ ខាងផ្នែកអប់រំ សិល្បៈ និងវប្បធម៌ រហូតទទួលបានការគាំទ្រ ការគោរពស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស រួមជាមួយពានរង្វាន់ជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិផងដែរ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូមឆាប់ បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕

ដោយ ៖ សិលា


ចែករំលែក៖