ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ម្ចាស់ពានរង្វាន់ សិល្បៈ និង វប្បធម៌ ហ្វូគុអុកា (Fukuoka Prize)

ចែករំលែក៖

ភ្នំពេញ ៖ សូមរម្លឹកពីប្រវត្តិព្រឹទ្ធាចារ្យចាប៉ីដងវែង  ! ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។ ជាមួយនឹងការបង្ហាញខ្លួនភ្ជាប់ដោយវ៉ែនតាពណ៌ខ្មៅជានិច្ច លោកគឺជាតន្រ្តីករប្រពៃណីបុរាណ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជានិងលើឆាកអន្តរជាតិ។ ខណៈនេះ សារព័ត៌មាន នឹងនាំបងប្អូនមហាជនទៅស្គាល់ពីប្រវត្តិសង្វេបនិងស្នាដៃរបស់ព្រឹទ្ធាចារ្យដូចតទៅនេះ៖

ប្រវត្តិសង្ខេប

ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី ១៥ ខែមីនាឆ្នាំ ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ស្ថិតក្នុងវ័យចន្លោះ ៤ឆ្នាំ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ។ ក្រោយមកលោក គង់ ណៃ បានចាប់ផ្តើមការសិក្សា អំពីចាប៉ីដងវែងនៅអាយុ ១៣ ឆ្នាំ។ មកពីគ្រួសារតន្រ្តីលោក គង់ ណៃ បានរៀនឧបករណ៍ប្រភេទនេះពីលោកឪពុកមារបស់លោកឈ្មោះ គង់ ទិត។ ក្នុងយុវវ័យរបស់លោក គង់ ណៃ ជារឿយៗប្រឈមមុខនឹងការសើចចំអកពីមិត្តភក្តិព្រោះតែពិការភាពរបស់គាត់។ ទោះយ៉ាងណា ជាជាងត្រូវបានគេមើលងាយដោយការរើសអើង គង់ណៃ បានស្វែងរកចំណេះជំនាញប្រាកដមួយជាប់នឹងខ្លួន ដើម្បីទទួលបានជីវិតឯករាជ្យមួយ និងការឱ្យតម្លៃពីមនុស្សនៅជុំវិញខ្លួន។ ក្នុងរយៈពេលពីរឆ្នាំនៃការចាប់ផ្តើមសិក្សាចាប៉ី គឺគ្រាដែលលោកមាន អាយុដប់ប្រាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកេរ្តិ៍ឈ្មោះរបស់លោកបានរីកចម្រើនយ៉ាងឆាប់រហ័សហើយមិនយូរប៉ុន្មានគាត់បានទទួលឈ្មោះហៅក្រៅថា “សង្ហា” ណៃ។ ចំពោះការសម្ដែងផ្សេងៗ ជានិច្ចកាល គង់ ណៃ សំដែងកំណាព្យបុរាណដូចជាកំណាព្យរបស់ ភីរម្យង៉ុយ ជាដើម។

ជ័យលាភីផ្សេងៗ ៖ 

-ក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។

-ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។

-នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។ 

-ឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។

-ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

-ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាលនិងឆ្នាំ ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថាកោសល្យវោហារ គង់ណៃ។

-នៅឆ្នាំ ២០១៧ លោកទទួលបាន ពាន រង្វាន់ សិល្បៈ និង វប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបាន បង្កើតឡើង ចាប់តាំងពី ឆ្នាំ ១៩៩០ នៅ ទីក្រុង ហ្វូគុអុ កាប្រទេស ជប៉ុន សម្រាប់ ផ្តល់ ជូន បុគ្គលដែលមាន ស្នាដៃឆ្នើម ក្នុង តំបន់អាស៊ី ពាក់ព័ន្ធផ្នែក អប់រំសិល្បៈ និង វប្បធម៌ ហើយព្រឹទ្ធាចារ្យចាប៉ី ដងវែងគង់ ណៃ គឺជាបុគ្គលទី៣ របស់កម្ពុជាដែលបាន ទទួលពានរង្វាន់នេះ បន្ទាប់ពី លោក ឆេង ផុន និង លោក អាំង ជូលាន ។

គួរបញ្ជាក់ថា ចាប៉ីដងវែង បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីកាលពីថ្ងៃទី ៣០ វិច្ឆិកា ២០១៦ កន្លងទៅនេះ។ ចាប៉ី ជាពាក្យក្លាយមកបីពាក្យសំស្ក្រឹតថា «ចក្ឆប៉ី»។ ហៅឈ្មោះថា ចាប៉ីដងវែង មកពីចាប៉ី នេះមានដងវែងទន្ទាំ។ ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ នេះជាប្រភព ដោយ ភូមិន្ទ ។ 

សូមរម្លឹកថា ៖ រឿងគួរអោយស្តាយចំនួន ៥៖ 

– ជួបគ្រូល្អហើយ បែរជាមិនរៀន

– ជួបមិត្តល្អហើយ បែរជាមិនថែរក្សា

– ជួបដៃគូស្នេហាល្អហើយ បែរជាមិនស្មោះត្រង់ 

– ជួបសិស្សល្អហើយ បែរជាមិនបង្ហាត់បង្ហាញ 

– ខ្លួនឯងមានសមត្ថភាពហើយ បែរជាលាក់ មិនចែករំលែក!

មួយជីវិតមនុស្សមានពេលវេលាសំខាន់តែបីប៉ុណ្ណោះ គឺកើត អាចរកឃើញថាខ្លួនកើតមកដើម្បីអ្វី និងស្លាប់។ 

យើងត្រឹមជាអ្នកដំណើរឆ្លងកាត់ផែនដីមួយរយៈប៉ុណ្ណោះ ហើយក៏ទៅហួសមិនអាចបកក្រោយ ដូច្នេះរឿងសំខាន់បំផុតថាតើយើងបានធ្វើអ្វីខ្លះជាប្រយោជន័ដល់ប្រទេសកំណើត និងផែនដីនេះ?   

ថ្ងៃនេះ ! 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតរំលែកមរណទុក្ខ

ផ្ញើជូន លោកស្រី គាត់ ឆេន ព្រមទាំងក្រុមគ្រួសារ

លោកស្រី ជាទីរាប់អាន!

ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹង ថាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វរៈសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា ដែលជាស្វាមី របស់ លោកស្រី លោកបានទទួលមរណភាព នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមសម្តែងនូវសេចក្តីសង្វេគ ប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុត ព្រោះថាការបាត់បង់ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់ស្វាមីដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ជីតា តាទួត ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រាបុត្រី ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយទាំងអស់ ពិសេស គឺជាការបាត់បង់នូវធនធានមនុស្សដ៏ល្អឆ្នើមមួយរូប ដែលជា “មរតកមនុស្សរស់ចាប៉ីដងវែង” របស់កម្ពុជា ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សង្គមជាតិ ខាងផ្នែកអប់រំ សិល្បៈ និងវប្បធម៌ រហូតទទួលបានការគាំទ្រ ការគោរពស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស រួមជាមួយពានរង្វាន់ជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិផងដែរ។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូមឆាប់ បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា៕

ដោយ ៖ សិលា


ចែករំលែក៖