ខេត្តសៀមរាប៖ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបបានបង្ហាញភាពជឿជាក់ថា អាជ្ញាធរខេត្តនឹងសហការជាមួយភាគីពាក់ព័ន្ធ នឹងដាំដើមឈើនៅតាមដងផ្លូវក្នុងក្រុងសៀមរាបឲ្យបាន ១ម៉ឺនដើម ក្នុងរយៈ ពេល២ឆ្នាំខាងមុខនេះ។
លោកអភិបាលរងខេត្តបន្តថា ព្រៃឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។ ទន្ទឹមនេះ ព្រៃឈើបានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជា ការការពារទីជំរាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើង នៃគុណភាពដី កាត់បន្ថយបម្រែបម្រួលអាកាសធាតុនិងផ្ដល់នូវផលអនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។
លោក យុន លីនណេ អះអាងបែបនេះ ក្នុងឱកាស តំណាង លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថ្លែងក្នុងពិធីដាំដើមឈើប្រភេទ ឈើលឿងរាជ ចំនួន ២២២ដើម ក្នុងគម្រោង ធី-ដើមឈើសម្រាប់ជីវិត (Project T-Trees For Life) របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា នៅថ្ងៃសៅរ៍ទី២៩ខែមិថុនាឆ្នាំ ២០២៤នេះ។
លោកអភិបាលរងខេត្ត បានបន្ថែមថា ចំពោះកូនឈើ ដែលបានដាំរួចនាពេលនេះ សូមស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលមានទីលំនៅស្ថិតនៅទីតាំងនេះ ចូលរួមថែរក្សាឱ្យបានជាប្រចាំ ដើម្បីធ្វើឲ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។
លោក យុន លីនណេ បញ្ជាក់ទៀតថា ការដាំដើមឈើ នាពេលនេះ គឺជាចលនាបំផុសស្មារតីប្រជាពលរដ្ឋមន្ដ្រី រាជការ សិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធ ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋយើងក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថាន សង្គមផងដែរ។ លើសពីនេះក៏ បានបង្ហាញឲ្យឃើញនូវការគាំទ្រដ៏ឧត្ដុងឧត្ដម ពីគ្រប់មជ្ឈដ្ឋាន ដល់ចលនា ដាំដើមឈើ ដោយចាត់ទុកចលនានេះជាកាតព្វបកិច្ចដ៏ចំបង ផ្សារភ្ជាប់នឹងសេចក្ដីត្រូវការចាំបាច់នៃជីវភាព រស់នៅ ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងការប្រកប របរទទួលទាន និងនាំមកនូវរុក្ខជាតិបៃតងដ៏សែន មនោរម្យលើទឹកដីខេត្ដសៀមរាបរបស់យើង។
សូមជម្រាបអង្គការជឿជាក់លើសិស្សជនបទកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប ក្រុមហ៊ុនឯកជន និងអង្គការដៃគូនានាបាននាំគ្នាចូលរួមដាំដើមឈើ លឿងរាជ ចំនួន២២២ដើម ចាប់ពីផ្លូវក្រោយវត្តពោធិ៍លង្ការ រហូតដល់ផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប ដែលកម្មវិធីនេះស្ថិតក្នុងគម្រោង-ធី៖ដើមឈើសម្រាប់ជីវិត(Project T-for Life)របស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ក្រោមគោលបំណងដើម្បីបង្កើនសម្រស់និងលើកកម្ពស់សោភ័ណភាពក្នុងក្រុងសៀមរាបឱ្យក្លាយជាទីក្រុងបៃតង៕
ដោយ៖ សូរិយា