អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២៩ ខែមិថុនា នៅក្រុងប៉េកាំង លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាជាមួយលោក Lee Hae-chan អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងដែលអញ្ជើញមកចូលរួមមហាសន្និបាតរំលឹកខួប ៧០ ឆ្នាំនៃការប្រកាសពីគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាន។
លោក Wang Yi បានលើកឡើងថា ភាគីចិនមានឆន្ទៈបន្តខិតខំជាមួយភាគីកូរ៉េខាងត្បូង ដើម្បីជំរុញឱ្យទំនាក់ទំនងចិន-កូរ៉េខាងត្បូងអភិវឌ្ឍយ៉ាងល្អនិងមានស្ថិរភាព។ សង្ឃឹមថាមិត្តភក្តិគ្រប់មជ្ឈដ្ឋានរបស់កូរ៉េខាងត្បូងបន្តដើរតួនាទីសំខាន់ក្នុងការនេះ ជំរុញឱ្យសង្គមកូរ៉េខាងត្បូងមានការយល់ដឹងត្រឹមត្រូវចំពោះចិន បង្កើនចំណងទាក់ទងនិងមិត្តភាពរវាងប្រជាជនចិននិងប្រជាជនកូរ៉េខាងត្បូង។ ពេលថ្មីៗនេះ ករណីគ្រោះអគ្គិភ័យនៅរោងចក្រផលិតថ្មលីចូមក្នុងទីក្រុង Hwaseong ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូងបានបណ្តាលឱ្យជនជាតិចិនច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីនេះ។ ភាគីកូរ៉េខាងត្បូងត្រូវស៊ើបអង្កេតពីមូលហេតុកើតហេតុឱ្យបានក្នុងពេលឆាប់ៗ និងដោះស្រាយដោយមានទំនួលខុសត្រូវ ដើម្បីបង្ការកុំឱ្យរឿងសោកនាដកម្មបែបនេះកើតឡើងទៀត។
ជាការឆ្លើយតប លោក Lee Hae-chan បានថ្លែងថា គ្រប់មជ្ឈដ្ឋានកូរ៉េខាងត្បូងយកចិត្តទុកដាក់លើទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងចិន មានឆន្ទៈបន្តបង្កើនការផ្លាស់ប្តូរជាមួយគ្រប់ស្រទាប់ថ្នាក់របស់ចិន ដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរបន្តឈានទៅមុខ៕
ដោយ ៖ សិលា