ក្រុមជម្រើសជាតិតោកំណាចអង់គ្លេស និងក្រុមគោជល់អេស្ប៉ាញបានដឹកដៃគ្នាឡើងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ទ្វីបអឺរ៉ុប Euro 2024 ក្រោយពីក្រុមទាំង២បានយកឈ្នះគូប្រកួតគឺស្លូវ៉ាគី និងហ្សកហ្ស៊ីក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយកាលពីរាត្រីថ្ងៃទី៣០ មិថុនា និងរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្រុមជម្រើសជាតិអង់គ្លេសបានបំបាក់ក្រុមខ្លាំងស្លូវ៉ាគីក្នុងលទ្ធផល២ទល់១ ដែលការយកឈ្នះនេះគឺយ៉ាងលំបាកក្នុងការប្រកួតរហូតដល់ម៉ោងបន្ថែម១៥នាទីពីរដងទើបអាចរកជ័យជម្នះបានសម្រាប់អង់គ្លេស ក្រោយពីស្លូវ៉ាគីនាំមុខ១គ្រាប់តាំងពីតង់ទី១ នាទីទី២៥។
១គ្រាប់នាំមុខរបស់ក្រុមជម្រើសជាតិស្លូវ៉ាគីរកបានដោយកីឡាករ Schranz ហើយ១គ្រាប់នេះបានបន្តរហូតដល់នាទីទី៩០នៃម៉ោងប្រកួត។ ចូលដល់ម៉ោងបន្ថែមនាទីទី៩០+៥ ខ្សែបម្រើឆ្នើមមកពី Real Madrid កីឡាករ Bellingham រកបានគ្រាប់បាល់តាមស្មើ១ទល់១ ធ្វើឲ្យអ្នកគាំទ្រអង់គ្លេសហ៊ោកញ្ជ្រៀវពេញកីឡដ្ឋាន។ ការប្រកួតស្មើគ្នានេះបានបន្តរហូតដល់ម៉ោងបន្ថែម១៥នាទីពីរដង ហើយនៅនាទីទី១ នៃម៉ោងបន្ថែមនេះប្រធានក្រុមអង់គ្លេស Harry Kane បានរកគ្រាប់បាល់១គ្រាប់ទៀតជាការតែតបញ្ចូលទីដែលជាគ្រាប់ជ័យជម្នះ ធ្វើឲ្យអង់គ្លេសនាំមុខ២ទល់១។
សម្រាប់លទ្ធផលនេះអង់គ្លេសនៅតែជាក្រុមដែលមានលទ្ធភាពឡើងទៅកាន់វគ្គបន្ត ដោយការប្រកួតក្នុងយូរ៉ូ២០២៤កន្លងទៅក្រុមនេះមិនទាន់ស្គាល់រសជាតិចាញ់នោះទេ ដោយឈ្នះ២ និងស្មើ២ ប៉ុន្តែស្ថិតិនេះគឺអាក្រក់ជាងការប្រកួតយូរ៉ូកាលពីឆ្នាំ២០២០ ដោយអង់គ្លេសធ្វើបានល្អជាងឆ្នាំនេះ។
ងាយមកមើលក្រុមខ្លាំងដែលជាអធិរាជយូរ៉ូវិញ គោជល់អេស្ប៉ាញបានបំបាក់ក្រុមហ្សកហ្ស៊ីក្នុងលទ្ធផល៤ទល់១ សម្រាប់វគ្គ១៦ក្រុមនេះ ដែលធ្វើឲ្យអេស្ប៉ាញឡើងទៅកាន់វគ្គ៨ក្រុមយ៉ាងស្រួល។
ការប្រកួតជាមួយហ្សកហ្ស៊ីដំបូងអេស្ប៉ាញហាក់ធ្វើមិនបានល្អ ដោយត្រូវក្រុមហ្សកហ្ស៊ីនាំមុខ១គ្រាប់មុននៅនាទីទី១៨ ដែលជាការភ្លាត់ស្នៀតរបស់ខ្សែការពារ Robin Le Normand របស់អេស្ប៉ាញធ្វើឲ្យចូលទីខ្លួនឯង។ ប៉ុន្តែក្នុងរយៈពេលជាង២០នាទីក្រោយមកគឺនាទីទី៣៩ កីឡាករ Rodri របស់អេស្ប៉ាញបានរកគ្រាប់បាល់តាមស្មើវិញរហូតដល់ចប់តង់ទី១លទ្ធផលគូទាំង២ស្មើគ្នា១ទល់១។
ចូលដល់តង់ទី២ អេស្ប៉ាញបានប្តូរទម្រង់លេងល្អជាងមុន ដោយបានដាក់សម្ពាធលើហ្សកហ្ស៊ីយ៉ាងខ្លាំង រហូតដល់ធ្លាយគ្រាប់បាល់៣គ្រាប់បន្ថែមទៀតតាមរយៈការស៊ុតរបស់កីឡាករ Fabián Ruiz នៅនាទីទី៥១ គ្រាប់បាល់ទី៣រកបានដោយកីឡាករ Nico Williams នៅនាទីទី៧៥ និងគ្រាប់បាល់ទី៤ដែលជាគ្រាប់បាល់ចុងក្រោយរកបានដោយកីឡាករ Dani Olmo នៅនាទីទី៨៣ ជិតនឹងចប់ការប្រកួតទៅហើយ។
ជ័យជម្នះនេះធ្វើឲ្យអេស្ប៉ាញក្លាយជាក្រុមខ្លាំងនៅយូរ៉ូឆ្នាំនេះ ដោយមិនទាន់ស្គាល់រសជាតិចាញ់នៅឡើយតាំងពីវគ្គជម្រុះរហូតដល់ពេលនេះ។ ៤ប្រកួតរបស់អេស្ប៉ាញគឺឈ្នះទាំង៤ប្រកួត ដោយមានការរបូតគ្រាប់បាល់តែ២គ្រាប់ប៉ុណ្ណោះក្នុង៤ប្រកួតនេះ មានន័យថា ទិន្នន័យនេះគឺល្អបំផុតសម្រាប់អេស្ប៉ាញនៅយូរ៉ូ២០២៤។
លទ្ធផលនេះធ្វើឲ្យអេស្ប៉ាញត្រូវប៉ះក្រុមខ្លាំងម្ចាស់ផ្ទះអាល្លឺម៉ង់ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី៥ ខែកក្កដា ខាងមុខ។ ចំណែកអង់គ្លេសវិញត្រូវប៉ះស្វ៊ីសនៅថ្ងៃទី៦ កក្កដា សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយដូចគ្នា៕
ដោយ៖ ភារៈ (រូបភាព ៖ EURO2024)